សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) រៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ និងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការររួមគ្នា

វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសក្នុងការជួបជុំ ផ្គូរផ្គង ជំរុញការកសាងបណ្តាញទំនាក់ទំនង និងផ្តល់កាលានុវត្តន៍ភាព សម្រាប់បណ្ដាវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេស ផ្សព្វផ្សាយ និង ទាក់ទាញការវិនិយោគនៅកម្ពុជាថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងភាពជាដៃគូ យុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹងនិងបទពិសោធ និងការគិតគូរដោះស្រាយបញ្ហាប្រឈមរួមគ្នា។ នេះបើតាមប្រសាសន៍ឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងក្នុងវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ និងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការររួមគ្នា។

ឯកឧត្តម បន្តថា ចំពោះកិច្ចការដែលសមាគម សហព័ន្ធអ្នកវិនិយោគកម្ពុជា បានអនុវត្តនិងទិសដៅការងារបន្តដើម្បីត្រៀមខ្លួនទាញយកកាលានុវត្តភាពឱ្យបានជាអតិបរមា ក្នុងន័យសំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព។ 

ឯកឧត្តម ក៏បានចែករំលែកនូវទស្សនាទាន និងអនុសាសន៍សំខាន់ៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកានាពេលនេះ -សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) ត្រូវបន្តបេសកកម្មរបស់ខ្លួនក្នុង ការជំរុញលើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច, ការរៀបចំកម្មវិធីតាំងពិព័រណ៍, ការចុះអនុស្សរណៈនៃការយោគ យល់គ្នារវាងវិនិយោគិនជាតិ និងអន្តរជាតិ ការចូលរួមក្នុងការងារសង្គម និងសកម្មភាព សប្បុរសធម៌ និងជាពិសេស ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការដ្ឋានកំណែទម្រង់នានា។ វិស័យឯកជន ដើរតួសំខាន់ក្នុងការ អភិវឌ្ឍឧស្សាហកម្មតភ្ជាប់ទៅទីផ្សា និងខ្សែច្រវាក់តម្លៃសកល ព្រមទាំងអភិវឌ្ឍ សមត្ថភាព និងជំនាញ កម្មករ និងបុគ្គលិក ដើម្បីឆ្លើយតបនឹងនិន្នាការសកល, ពង្រឹងស្តង់ដាគុណភាព និងបង្កើនភាពប្រកួតប្រជែង។ ជាងនេះ សូមសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាសនិងផលប្រយោជន៍ឱ្យបានជាអតិបរមាពីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុ (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉ (CKFTA) និងជាពិសេសការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ី បូព៌ា, និងតំបន់ផ្សេងទៀត។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឲ្យដឹងថា ការរៀបចំវេទិកានេះ សម្រាប់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភ្ញៀវអន្តរជាតិ មានឱកាសសិក្សា ស្វែងយល់ពីកម្ពុជា និងអាចចាប់យកឱកាសយ៉ាងទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។ វិនិយោគិនទាំងអស់ អាចពង្រីកការកសាងបណ្ដាញទំនាក់ទំនង ដែលនឹងនាំទៅរកការបង្កើនកិច្ចសហការថ្មីៗ ព្រមទាំងការ ផ្តល់ផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក។

តាមរយះវេទិកានេះ នឹងផ្ដល់ភាពងាយស្រួលដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនកិច្ចសហការជាក់លាក់រវាងគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការ ជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនសម្រាប់កម្ពុជា និងអន្តរជាតិ។