សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តព្រះសីហនុ ជួបសំណេះសំណាលសួរសុខទុក្ខ ដល់ជនចាស់ជរាគ្មានទីពឹង និងជនពិការ ដែលមានជីវភាពខ្វះខាតចំនួន ៥៥គ្រួសារ

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់ចាស់ជរា គ្មានទីពឹង និងជនពិការ ដែលមានជីវភាពខ្វះខាតចំនួន ៥៥គ្រួសារ រស់នៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុង-ខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានធ្វើរបាយការណ៍អំពីសកម្មភាព ដែលអាជ្ញាធរក្រុងបានចុះជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងមកដើម្បីឲ្យពួកគាត់បានជួយសម្រួលដោះ ស្រាយជីវភាពជាបន្តបន្ទាប់នាពេលកន្លងមក។
ហើយថ្ងៃនេះលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីខេត្តរួមជាមួយគណៈប្រតិភូសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានចុះមកសួរសុខទុក្ខ និងចែកអំណោយជូនដល់ លោកយាយ លោកតាជាជនចាស់ជរា គ្មានទីពឹង និងជនពិការ ដែលមានជីវភាពខ្វះខាតចំនួន ៥៥គ្រួសារ នៅក្នុងក្រុងព្រះសីហនុ នាពេលនេះ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីខេត្តបានលើក ឡើងថា គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការអនុវត្តក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ ព្រមទាំងជំរុញលើកទឹកចិត្ត កសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រីក៏ដូចជាការផ្ដល់ឱកាសឱ្យពួកគេចូលរួមប្រកបដោយសមភាព
និង សមធម៌ នៅគ្រប់ការងារលើគ្រប់វិស័យ។ លើសពីនេះក៏បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ស្ត្រីមេម៉ាយ គ្មានទីពឹង និងជនពិកាជាដើម។
លោកជំទាវ បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តរដ្ឋបាលក្រុងសង្កាត់បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ដោយមិនដែលបដិសេធឬទុកអ្នកណាចោលម្នាក់ឡើយ និងបានធ្វើ សកម្មភាពមនុស្សធម៌ ដោយគៀរគរអំណោយពីសប្បុរសជន និងបានការចូលរួមពីអង្គការដៃគូ ដើម្បីនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត មនុស្សចាស់ ជនពិការ និងអ្នកមានជំងឺ ជាបន្តបន្ទាប់ផងដែរ។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ថ្ងៃនេះ បាននាំយកអំណោយចែកជូនដល់ជនចាស់ ជរា ស្ត្រីមេម៉ាយ គ្មានទីពឹង និងជនពិការ ចំនួន ៥៥គ្រួសារ មកពីបណ្តាសង្កាត់ទាំងបួន រួមមាន ៖សង្កាត់លេខ១ ចំនួន ១៧គ្រួសារ សង្កាត់លេខ២ ចំនួន ១០គ្រួសារ សង្កាត់លេខ៣ ចំនួន ១០គ្រួសារសង្កាត់លេខ៤ ចំនួន ១៨គ្រួសារ ដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន អង្ករ កន្ទេល មី ត្រីខ ទឹកត្រី នំប៉័ងនិងថវិកាមួយចំនួនផងដែរ៕
ដោយ:មន្ទីរព័ត៍មានខេត្តព្រះសីហនុ