សន្លឹកកិច្ចការបេក្ខជន នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាសរសេរលើកទី២ បានចាប់ផ្តើមកំណែនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២។
សន្លឹកកិច្ចការរបស់បេក្ខជន ៨០៨ នាក់ ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាសរសេរលើកទី២ ចំនួន ១,៦០០ ច្បាប់ កំពុងស្ថិតក្នុងដំណាក់កាលកំណែ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់ ដោយដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាសរសេរលើកទី២ បញ្ចប់ទៅកាលពីម្សិលមិញថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។
សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មានមកពីស្ថាប័នអង្គភាពជាច្រើនផ្សេងទៀត ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕