សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្កឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់

ជាការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់បំពេញមុខងារ ជាសេនាធិការដ៏សកម្ម របស់រាជរដ្ឋាភិបាល សម្រេចបាននូវលទ្ធផលការងារ គួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៤ កន្លងមកនេះ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីបិទសន្និបាត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី ដៃគូអភិវឌ្ឍន៍ តំណាងអង្គការវិជ្ជាជីវៈ តំណាងនិយោជក សរុបប្រមាណជាង ១,០០០នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពោលគឺចំពោះសមិទ្ធផល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តអនុសាសន៍ទាំង ១០របស់ សម្តេចធិបតី មានការសម្របសម្រួលដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារអាម៉េរិក, ការពង្រីកនិងបង្កើនចំនួនអ្នកប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រហូតដល់ប្រមាណ ២,៧លាននាក់ នៅត្រឹមឆ្នាំ២០២៤នេះ, ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, ការអនុវត្តនូវការជ្រើសរើសពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ប្រចាំឆ្នាំ២០២៥”, ការសិក្សារៀបចំការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន សម្រាប់កូនរបស់កម្មករនិយោជិត, ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ, ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងការជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ ដើម្បីផ្តល់ឱកាសដល់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេស និងបុគ្គលសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋ (Role of the State) ក្នុងការជំរុញកំណើនអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជនក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព រួមចំណែកដល់ឋាមវន្តភាពនាំចេញ និងស្ថិរភាពកំណើនការងារ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងការងារបានដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន៧ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៥ ដូចជា ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចបវរធិបតី ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលជាគោលដៅ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ។ និងបានបន្តជំរុញការអនុវត្តគោលនយោបាយ ទីផ្សារការងារសកម្ម ដោយបន្តពង្រឹង និងពង្រីកសេវាការងារសាធារណៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់មគ្គទេសក៍អាជីព។ បន្តធ្វើទំនើបកម្ម ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តជំរុញការដាក់ឱ្យអនុវត្តច្រកសិក្សាដែលមានភាពបត់បែន។ បន្តអភវិឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបន្តលើកកម្ពស់អនុលោមភាព, ជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការធ្វើទេសន្តរប្រវេសន៍ការងារ, ការធ្វើបច្ចុប្បន្នភាពទីភ្នាក់ងារជ្រើសរើសឯកជន, និងការកាត់បន្ថយតម្លៃសេវាជ្រើសរើសនិងបញ្ជូនពលករ។ បន្តអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច។ និងបន្តធ្វើទំនើបកម្មស្ថាប័ន និងការផ្ដល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅ តាមរយៈការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តិកម្មឌីជីថល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់កម្មករនិយោជិត និងវិស័យឯកជន។