សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន បានឈានមកដល់ថ្ងៃទី២ ដើម្បីបន្តពិនិត្យពិភាក្សា លើការងារកំណែទម្រង់គោល នយោបាយ និងផែនការយុទ្ធសាស្ត្រក្រសួងព័ត៌មាន រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតក្នុងទិសដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍បានកាន់តែរីកចម្រើនបន្ថែមទៀត

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន រយៈពេល ៣ថ្ងៃ បានបន្តឈានមកដល់ថ្ងៃទី២ ដោយបានធ្វើកិច្ចពិភាក្សាពេញអង្គ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការងារកំណែទម្រង់ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រក្រសួងព័ត៌មាន ។
កិច្ចពិភាក្សាថ្ងៃទី២ នៅក្នុងដំណើរការ នៃអង្គសន្និបាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីកិច្ចការងារកំណែទម្រង់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ការងារគោលនយោបាយ និងយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍធនធានមនុស្សក្រសួងព័ត៌មាន ព្រមទាំងសកម្មភាពការងារគាំទ្រផ្សេងៗជាច្រើន ដើម្បីរួមគ្នាលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទទួលបានព័ត៌មានពិត ត្រឹមត្រូវ បានលឿនរហ័ស រួមទាំងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត ។
សមាជិក សមាជិកា នៃអង្គសន្និបាតបាន បន្តធ្វើការដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយដាក់ចេញសំដៅសំខាន់ៗនានាជាច្រើន ដើម្បីបន្តពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកបដោយវិជ្ជាជីវ:ខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។
ជាមោទនភាពក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា វិស័យព័ត៌មាន សោតទស្សន៍ និងការគ្រប់គ្រងសាធារណ:មតិ ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដំណើរការទៅបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ខណៈ មានកំណើនកើនច្រើនឡើងៗនៃចំនួនអ្នកសារព័ត៌មានប្រជាជន ដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍វៃឆ្លាតធ្វើជាមធ្យោបាយផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម មានដូចជា Facebook TikTok Telegram និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត។
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បន្តធ្វើការពង្រឹងនិងពង្រីកការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដោយធ្វើ
វិក្រឹតការក្នុងវគ្គជំនាញ និងរដ្ឋបាលសំដៅបំពេញលក្ខខណ្ឌជាមន្រ្តីរាជការប្រកបដោយគុណាធិបតេយ្យ ក្នុងការបំពេញមុខនាទីបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ ពិសេសការពង្រឹងប្រសិទ្ធភាពការងារដើម្បីឱ្យស័ក្តិសមជា «យុទ្ធជនសមរភូមិសតិអារម្មណ៍» របស់រាជរដ្ឋាភិបាលប្រកប ដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម ៕