ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា គាំទ្រដោយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា” ក្រោមអធិបតីឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងរយៈពេលជាងមួយឆ្នាំនៃដើមអាណត្តទី៧នេះ ក្រសួងធនធានទឹក និងឧតុនិយម បានខិតខំប្រឹងប្រែងអនុវត្តនូវ ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ តាមរយៈការអនុវត្តអាទិភាព គន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគី “មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា” ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម បានបន្តការសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយ ទឹក និងធានាដល់សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបានដល់ការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារគ្រប់គ្រង និងដឹកនាំវិស័យធនធានទឹក និងឧតុនិយម ។ ក្រសួងធនធានទឹក និងឧតុនិយម មានតួនាទី និងភារៈកិច្ចផ្តល់សេវាកម្មទឹក និងឧតុនិយមដល់សាធារៈជន និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្ដមបានបន្តថាសក្តានុពលធនធានទឹកដែលជាប្រភពទឹកសំខាន់របស់កម្ពុជារួមមាន៖
.ទន្លេមេគង្គ ៖ រួមទាំងទន្លេសេសាន សេកុង និង ស្រែពក នៅតែជាធនធានទឹក ដ៏ធំបំផុតរបស់កម្ពុជា ដែលជួយ ដល់អន្តរវិស័យ
• បឹងទន្លេសាប និងស្ទឹងទាំង១១ នៅជុំវិញបឹងទន្លេសាប ជាប្រភពធនធានទឹកដ៏សំខាន់ ។ បណ្តាលខេត្តមួយចំនួន នៅជុំវិញបឹងទន្លេសាបដូចជា៖ ខេត្តកំពង់ឆ្នាំង (ចាក់ទឹម, លំហាច និងប៉ប្រក់) ខេត្តពោធិ៍សាត់ (ស្ទឹងកងចុង, ស្ទឹង សន្ទ្រ, និងស្រុកវាលវែង) ខេត្តបាត់ដំបង (ស្រុកសំឡូត និងស្រុករុក្ខគីរី)
• តំបន់ភ្នំ និង ខ្ពង់រាប៖ តាមជួរភ្នំដងរែក ជួរភ្នំក្រវាញ និង ប៉ែកឥសាន។
.តាមបណ្តាលខេត្តផ្សេងៗទៀត៖ ខេត្តកំពង់ស្ពឺ (ទំនប់ពាមល្វា, ស្ទឹងខាងត្បូងស្រុកឪរ៉ាល់, និងទំនប់អូរពុំ)ខេត្ត កំពត (ទំនប់កោះស្លា, ស្តារព្រែករំចេក, ស្តារប្រឡាយកាវ៉ាក់, ទំនប់លំពូ, ស្ទឹងភេ, និងភូមិអូរ) ខេត្តតាកែវ៕