វិស័យធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនវិជ្ជមាន ទោះបីពិភពលោកកំពុងជួបវិបតិ្តសកលក៏ដោយ

សិក្ខាសាលាស្ដីពីការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ បានរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៥ នៅសណ្ធាគារសុខាភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ប៊ូ ច័ន្ទភិរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា។

សិក្ខាសាលានេះ ធ្វើទ្បើងក្នុងគោលបំណងដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា និងវាយតម្លៃសមិទ្ធផលពាក់កណ្ដាលអាណ្ដតិ (2021-2030) ដើម្បីជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2025-2030 ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ប៊ូ ច័ន្ទភិរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកទ្បើងជាក់ស្ដែងថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩ លានដុល្លារ អាម៉េរិក ក្នុងឆ្នាំ ២០២១ ដល់ ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិ ភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានា- រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ យ៉ាងណាម៉ិញ ទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក ក្នុង មនុស្សម្នាក់ ឯកឧត្ដម ប៊ូ ច័ន្ទភិរូ បានបន្តថា បើទោះបីពិភពលោកកំពុងជួបប្រទះវិបត្តិសកលក៏ពិតមែន ក៏កំណើនធានារ៉ាប់រងកម្ពុជានៅតែទទួលបានផលវិជ្ជមាន បើទោះបីកំណើននេះមិនបានខ្ពស់ដូចពីមុនក៏ដោយ។

ឯកឧត្ដម ប៊ូ ច័ន្ទភិរូ បានគូសបញ្ជាក់ចំណុចសំខាន់ៗចំនួនដូចជា៖

១).ក្របខណ្ឌសហប្រតិបត្តិការនិងការតភ្ជាប់៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស និងពង្រីកការតភ្ជាប់ជាមួយស្ថាប័នជាតិនិង អន្តរជាតិ ក្នុងគោលដៅការធ្វើវិសិដ្ឋកម្មសេវាធានារ៉ាប់រងកម្ពុជាទៅកម្រិតអន្តរជាតិ និងអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ប្រកបដោយចីរភាព។

២).ក្របខណ្ឌនិយ័តកម្ម៖ ត្រូវពង្រឹងយន្តការ និងវិធីសាស្ត្រ តាមដាន និងត្រួតពិនិត្យ ស្ថានភាពហិរញ្ញវត្ថុនិងប្រតិបត្តិការទីផ្សាររបស់គ្រឹះស្ថានធានារ៉ាប់រង និងត្រូវជំរុញ អនុលោមភាពរបស់គ្រឹះស្ថានធានារ៉ាប់រងទៅច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹង ការធានារ៉ាប់រង។

៣).ក្របខណ្ឌទីផ្សារធានារ៉ាប់រង៖ ត្រូវពង្រីកការផ្តល់សេវាធានារ៉ាប់រង និងផលិតផលធានា- រ៉ាប់រង ដូចជាផលិតផលធានារ៉ាប់រងគ្រោះមហន្តរាយ ផលិតផលធានារ៉ាប់រងផ្នែក កសិកម្ម ជាដើម ឱ្យបានទូលំទូលាយ និងត្រូវធានាគុណភាពវិជ្ជាជីវៈធានារ៉ាប់រងតាម ស្តង់ដារអន្តរជាតិ ទាំងការលក់ផលិតផល ការដោះស្រាយសំណងជូនអតិថិជន និង ការថែរក្សាអតិថិជន ដើម្បីកសាងទំនុកចិត្តពីអតិថិជន។

៤).ក្របខណ្ឌស្ថាប័ន៖ ត្រូវទាញយកផលប្រយោជន៍ជាអតិបរមាពីនិន្នាការវិវត្តថ្មីៗ ជា ពិសេសបច្ចេកវិទ្យាធានារ៉ាប់រង ដើម្បីធ្វើឱ្យទីផ្សារធានារ៉ាប់រងកាន់តែមានភាពទាក់ទាញ និងប្រកបដោយនវានុវត្តន៍៕