វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះអនុស្សរណៈនៃការយោគយល់ជាមួយ សាកលវិទ្យាល័យការពារជាតិ

នារសៀលថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុ នៃអង្គភាពថវិការបស់ក្រសួងការពារជាតិ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងការពារជាតិ សរុបប្រមាណ ៦០នាក់។
ថ្លែងក្នុងពិធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៤ និង បានបន្តអនុវត្តដំណាក់កាលបន្តបន្ទាប់ យ៉ាងស្វាហាប់ ដោយទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការកសាង «ភាពជឿទុកចិត្តបាននៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, និង ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច» ព្រមទាំង បានបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និង បង្កើតបាននូវអតិរេកសាច់ប្រាក់ ដែលជាមូលដ្ឋានក្នុងការបង្កើនវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗ និង អាចបង្កើនប្រាក់បៀវត្សជូនគ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានជាបន្តបន្ទាប់ ដោយបើកផ្តល់ទាន់ពេល និង មានស្ថិរភាព ។
បច្ចុប្បន្ន, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន និងកំពុងស្ថិតក្នុងដំណាក់កាលទី ៤ (២០២៣-២០២៧) ជាដំណាក់កាលចុងក្រោយនិង ត្រូវបានបន្តគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល និង គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅគឺ«គណនេយ្យភាពសមិទ្ធកម្ម» សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ផ្អែកតាមមាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ចាំបាច់ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានមានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទតែងចាត់ទុកការហ្វឹកហ្វឺនបណ្តុះបណ្តាល គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកំណែទម្រង់ស៊ីជម្រៅ ។ ក្នុងន័យនេះ, ការងារហ្វឹកហ្វឺន និង បណ្តុះបណ្តាល គឺជាកិច្ចការអទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹមមិនថាជាកម្លាំងដែលមានស្រាប់ និង កម្លាំងបំពេញបន្ថែមថ្មី ត្រូវទទួលបាននូវការហ្វឹកហ្វឺន និង បណ្តុះបណ្តាល ជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និង ចំណេះជំនាញ ដោយផ្តោតលើគុណភាព និង ការផ្ទេរនូវបទពិសោធន៍ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និង នាពេលអនាគត, ហើយអនុស្សរណៈនៃការយោគយល់នេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាព ការអប់រំ និង កិច្ចការស្រាវជ្រាវ របស់ស្ថាប័នបណ្តុះបណ្តាលទាំងពីរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមទៀតថា ផ្អែកតាមការវាយតម្លៃ និង បទពិសោធអន្តរជាតិ, ការសម្រេចជោគជ័យនៃដំណាក់កាលចុងក្រោយនេះ គឺពឹងអាស្រ័យជាចាំបាច់ទៅនឹងសមត្ថភាពធនធានមនុស្ស និង ការចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្មក្នុងភាពជាម្ចាស់ និងដោយឆន្ទៈមុតមាំ ពីគ្រប់ក្រសួងស្ថាប័ន ដោយហេតុថាការកែទម្រង់នេះ មានវិសាលភាពកាន់តែទូលាយ និង ស្មុគស្មាញ ហើយមានភាពប្រទាក់ក្រឡាស៊ីជម្រៅពាក់ព័ន្ធទៅនឹងកម្មវិធីកែទម្រង់គន្លឹះសំខាន់ៗ ដទៃទៀតរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ការកសាង និង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាការងារចាំបាច់ ដែលគ្រប់ក្រសួងស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការចុះអនុស្សរណៈនៃការយោគយល់វវាង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នាពេលនេះ គឺជាកាលានុវត្ត និង ជាជំហានថ្មីមួយទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការ និង ជំរុញលើកទឹកចិត្តដល់ស្ថាប័នបណ្ដុះបណ្ដាលទាំងពីរ ឱ្យបន្តពង្រឹងពង្រីកកិច្ចសហការ ឱ្យកាន់តែស្អិតរមួត និង សកម្មថែមទៀត សំដៅលើកកម្ពស់ការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជូនមន្ត្រីអនុវត្តហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ៕