វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦,៧១០ក្បាលដី បន្ថែមទៀតត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៃស្រុកកំពង់សីលា

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦,៧១០ក្បាលដី បន្ថែមទៀតត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៃស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយចែកចេញជា ៣ប្រភេទរួមមាន÷
១-ក្បាលដីទទួលបានពីរដ្ឋ គឺប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ
២-ក្បាលដីទទួលអំណោយពីជីដូនជីតា ឬឪពុកម្តាយចែកឱ្យ តម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាស្មើសូន្យជាមុនសិនមុននឹងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ
៣-ក្បាលដីទិញ-លក់បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដនសស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិន។
ការចែកជូននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ ដោយឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាទីមោទក និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់សីលា មន្រ្តីបច្ចេកទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព។