លោក Yoon Suk Yeol បង្ហាញខ្លួនជាលើកទី២នៅតុលាការជាមួយអតីតរដ្ឋមន្រ្តី ការពារជាតិកូរ៉េ ដែលត្រូវគេចោទប្រកាន់ថាបានសមគំនិតឲ្យប្រើច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី០៣ខែធ្នូ 

នៅថ្ងៃព្រហស្បតិ៍នេះអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលកំពុងជាប់ឃុំឃាំងបានបង្ហាញខ្លួនជាថ្មីក្នុងសវនាការ    សម្រាប់ដំណើរការជំនុំជម្រះក្តីលើបទចោទប្រកាន់រូបលោកដែលសម្រេចប្រើប្រាស់ច្បាប់អាជ្ញាសឹកនាពេលកន្លងទៅ។ នៅថ្ងៃនេះដែរគេបានឃើញអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េដែរ គឺលោក Kim Yong Hyun ក៏បានចូលខ្លួនមកជាមួយដែរ។ លោក Yoon ដែលត្រូវបានគេចាប់ខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននៅបរិវេណគេហដ្ឋានប្រធានាធិបតីរបស់លោកក្នុងទីក្រុងសេអ៊ូលប៉ុន្មានថ្ងៃមុន ក៏បានមកដល់តុលាការធម្មនុញ្ញក្នុងរថយន្តពន្ធនាគារពណ៌ខៀវដែលអមដោយរថយន្តសន្តិសុខប្រធានាធិបតី។ ចំណែកលោក Kim វិញត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ក្រោមបទចោទប្រកាន់ថាបានប្រើតួនាទីដ៏សំខាន់ខ្លួនឯងក្នុងការអនុវត្តន៍តាមការបញ្ជាររបស់ប្រធានាធិបតី ជាចេតនាបះបោរ និងប្រព្រឹត្តសកម្មភាពរំលោភអំណាចនោះ បានមកដល់តុលាការក្នុងរថយន្តដូចកុងតឺន័រមួយផ្សេងទៀត។ ប៉ុន្តែលោក Kim ត្រូវបានកោះហៅចូលសវនាការក្នុងនាមជាសាក្សីប៉ុណ្ណោះ។ មុនពេលចូលទៅខាងក្នុងអគារតុលាការ លោក Jung Chung-rae ដែលជាសមាជិកសភា និងជាប្រធានគណៈកម្មាធិការនីតិកម្ម និងតុលាការនៃរដ្ឋសភា បាននិយាយទៅកាន់អ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបន្ធូរបន្ថយភាពចលាចលនយោបាយឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបាន។ លោកបាននិយាយថា “សកម្មភាពបះបោរគឺបានចាប់ផ្តើម ហើយកុប្បកម្មនានាក៏បានចាប់ផ្តើមដែរ” ដោយលោកបាននិយាយសំដៅទៅលើកុប្បកម្មដែលធ្វើឡើងដោយអ្នកគាំទ្ររបស់ Yoon នៅតុលាការភាគខាងលិចកាលពីសប្តាហ៍មុន បន្ទាប់ពីតុលាការបានផ្តល់ដីកាចាប់ខ្លួនលោក Yoon ជាផ្លូវការ។ លើសពីនេះមេធាវីរបស់លោក Yoon មិនបានធ្វើអត្ថាធិប្បាយអ្វីទេ អំឡុងពេលដែលពួកគេដើរចូលទៅខាងក្នុងតុលាការ។ ការប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon បានធ្វើឱ្យមានភាពរង្គោះរង្គើនយោបាយផ្ទៃក្នុងរបស់កូរ៉េខាងត្បូង ធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមានឱនភាព និងទំនាក់ទំនងអន្តរជាតិចុះខ្សោយជាងមុន ខណៈដែលអ្នកគំាទ្រលោក Yoon ជាបន្តបន្ទាប់នៅតែប្រឆាំងនឹងសំណើសុំបណ្តេញរូបលោកចេញពីតំណែងរបស់ក្រុមបក្សប្រឆាំង ដែលពួកគេយល់ថានេះហើយជាចំណុចនាំឲ្យបែកបាក់ផ្ទៃក្នុងរបស់កូរ៉េខាងត្បូងធ្ងន់ធ្ងររួចទៅហើយដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ