លោក Xi Jinping បញ្ជាក់ថា៖ ពីមុនចិនជាប្រទេសនាំចូលផលិតផល ឧស្សាហកម្មជាច្រើនពីក្រៅប្រទេស ប៉ុន្តែពេលនេះចិនជាផលិតករដ៏ធំ ក្នុងវិស័យឧស្សាហកម្មរបស់ពិភពលោក

លោក Xi Jinping បញ្ជាក់ថា៖ ពីមុនចិនជាប្រទេសនាំចូលផលិតផល ឧស្សាហកម្មជាច្រើនពីក្រៅប្រទេស ប៉ុន្តែពេលនេះចិនជាផលិតករដ៏ធំ ក្នុងវិស័យឧស្សាហកម្មរបស់ពិភពលោក

———————

ប្រធានាធិបតីចិន លោក  Xi Jinping បានអំពាវនាវឲ្យប្រជាជនខិតខំប្រឹងប្រែងពង្រឹងឧស្សាហកម្ម ផលិតកម្ម ដើម្បីជំរុញទំនើបភាវូបនីយកម្មរបស់ចិន។ លោក Xi បានបញ្ជាក់បែបនេះអំឡុងពេលដែលរូបលោកបានចុះទស្សនៈកិច្ចនៅក្រុមហ៊ុនផលិតប៉ាដាងរថយន្តមួយ នៅទីក្រុង Luoyang ខេត្ត Henan នាភាគកណ្តាលប្រទេសចិន។ លោក Xi ក៏បានចូលទៅទស្សនារោងចក្រផលិតរបស់ក្រុមហ៊ុនមួយដើម្បីស្វែងយល់បន្ថែមអំពីសង្វាក់ផលិតកម្មប៉ាដាងគ្រប់ប្រភេទដែរ។ លោក Xi បាននិយាយថា៖ប្រទេសចិនតែងតែបានខិតខំអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងពិតប្រាកដ។ តាំងពីអតីតកាលមកចិនបានពឹងផ្អែកលើការនាំចូលផលិតផលឈើគូស សាប៊ូនិងដែកពីប្រភពខាងក្រៅប្រទេស ប៉ុន្តែមកដល់ពេលនេះចិនបានវិវត្តន៍ខ្លួនឯងក្លាយជាអ្នកផលិតធំជាងគេបំផុតនៅលើពិភពលោកលើផលិតផលទាំងនេះ ដែលនេះអាចបញ្ជាក់បានថាចិនដើរតាមផ្លូវដ៏ត្រឹមត្រូវបំផុត។ លោកបានបន្តថា៖ ចិនត្រូវតែបន្តពង្រឹងវិស័យផលិតកម្ម ហើយគ្រប់គ្រងបច្ចេកវិទ្យាដែលផលិតដោយខ្លួនឯង ដើម្បីសម្រេចគោលដៅបែបទំនើបកម្មរបស់ចិនហើយក្ដីសង្ឃឹមទាំងមូលគឺស្ថិតនៅលើអ្នកទាំងអស់គ្នាតែម្តង។ លោកក៏បានអំពាវនាវឲ្យពង្រឹងកិច្ចសហការគ្នារវាងឧស្សាហកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ ហើយបណ្តុះបណ្តាលកម្លាំងពលកម្មឲ្យរីកដុះដាលជាបន្តបន្ទាប់ ដែរ។ គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន Luoyang Bearing Group Co., Ltd. គឺជាក្រុមហ៊ុនផលិតបែបប្រពៃណីមួយ ដែលបានវិនិយោគយ៉ាងខ្លាំងលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយក្រុមហ៊ុននេះបានអភិវឌ្ឍន៍ឧស្សាហកម្មកើនឡើងគួរអោយកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ដោយផលិតផលប៉ាដាងរបស់ក្រុមហ៊ុននេះគឺបានកាន់កាប់ផលិតផលជាង៤០%នៃទីផ្សារក្នុងស្រុករបស់ចិន៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា