លោក Trump ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ដែលបានទៅទស្សនាកម្មវិធីប្រកួត Super Bowl និង ឆ្លៀតចុះហត្ថលេខាបន្ថែមដើម្បីប្តូរឈ្មោះតំបន់ Gulf of Mexico ទៅជា Gulf of America Day ទៀតផង!

ថ្មីទៀតហើយកាលពីម្សិលមិញនេះ វត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានទៅអង្គុយទស្សនា កម្មវិធី Super Bowl បានធ្វើឲ្យលោកក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងគេដែលសម្រេចចិត្តទៅអង្គុយទស្សនាដោយផ្ទាល់បែបនេះកាលពីថ្ងៃអាទិត្យ។ លោក Trump បាននិយាយថា «ខ្ញុំគិតថា វាជារឿងល្អសម្រាប់ប្រទេសដែលមានប្រធានាធិបតីចូលរួមក្នុងកម្មវិធីប្រកួតបែបនេះ។ លោក Trump បានហោះហើរតាមជើងយន្តហោះពិសេស AirForce One ទៅកាន់ទីក្រុង New Orleans ដើម្បីអញ្ជើញទស្សនាក្រុម Philadelphia Eagles ដោយក្រុមនេះបានផ្តួលក្រុម Kansas City Chiefs ដោយពិន្ទុ៤០ទល់នឹង២២។

អំឡុងពេលហោះហើរនោះដែរលោក Trump ក៏បានចុះហត្ថលេខាបន្ថែមលើសេចក្តីប្រកាសមួយដោយសម្រេចយកថ្ងៃទី០៩ខែកុម្ភៈជា “ទិវាឈូងសមុទ្រអាមេរិកដំបូងគេ” នៅពេលដែលយន្តហោះរបស់លោកបានហោះពីដែនទឹក ដែលមានឈ្មោះថា ឈូងសមុទ្រម៉ិកស៊ិក។ កន្លងទៅលោក Trump ធ្លាប់បានបង្ហាញផងដែរថានៅថ្ងៃច័ន្ទនេះ លោកនឹងប្រកាសពន្ធបន្ថែមចំនួន ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់មកកាន់សហរដ្ឋអាមេរិក រួមទាំងពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលផែនការនេះបានលើកឡើងវិញនៅសប្តាហ៍នេះដែរ។ លោកក៏បានរំលឹកឡើងវិញថាលោកពិតជាចង់ឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់អាម៉េរិកដែរ នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលធ្វើបទបង្ហាញពី Super Bowl របស់ទូរទស្សន៍ Fox ដែលត្រូវបានថតទុកជាមុននៅចុងសប្តាហ៍នេះនៅរដ្ឋផ្លរីដា ដោយលោកលោក Trump ក៏បាននិយាយផងដែរថាលោកមិនបានឃើញនូវសកម្មភាពណាមួយដែលបង្ហាញពីភាពគ្រប់គ្រាន់ពីប្រទេសកាណាដានិងម៉ិកស៊ិកឡើយ ដើម្បីទប់ទល់នឹងពន្ធគយដែលលោកបានដាក់ចេញនោះ ដែលទង្វើរបស់លោក Trump ត្រូវគេមើលឃើញថាជាចេតនាគំរាមដល់ដៃគូពាណិជ្ជកម្មធំបំផុតពីររបស់ប្រទេសនេះដោយទុករយៈពេល៣០ថ្ងៃទៀត៕

សម្រួលអត្ថបទ៖ សុផារិន្ទ