លោក ប៉ក់ ចំរ៉ុង ចាងហ្វាងគេហទំព័រ CRN News Live 24h ចូលខ្លួនមកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស នៅមន្ទីរប្រឆាំងគ្រឿងញៀន

លោក ប៉ក់ ចំរ៉ុង ចាងហ្វាងគេហទំព័រ CRN News Live 24h ចូលខ្លួនមកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ២០២៥នេះ ពាក់ព័ន្ធករណីដែលលោកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ មីនា ឆ្នាំ២០២៥កន្លងទៅ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។
បន្ទាប់ពីក្រុមប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញកិច្ចប្រតិបត្តិការបង្ក្រាបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលមាន គណនីហ្វេសប៊ុកមួយឈ្មោះ Pheavy Fc និងសារព័ត៌មានស៊ី អរ អិន (www.crnnews.net) បានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹស»។ ការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។
ក្រោយពីបានបំភ្លឺ និងទទួលការអប់រំណែនាំនិងពន្យល់ពីមន្រ្តីជំនាញសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន លោកក៏បានបានយល់ច្បាស់ពីបញ្ហានៃការផ្សព្វផ្សាយខាងលើនោះ លោក ប៉ក់ ចំរ៉ុង បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស ហើយបានសន្យាប្រសិនបើថ្ងៃក្រោយលោកនៅតែធ្វើការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ដូចកាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៥ទៀត សូមឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ជាធរមាន និងសូមការអភ័យទោសចំពោះអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងសមត្ថកិច្ចទាំងអស់៕