លោក ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ឆ្នាំ២០២៥

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះលោក ចាន់ សីហា អគ្គនាយករងធនាគារ ARDBបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីបើក “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើក២ឆ្នាំ២០២៥ ”ក្រោមប្រធានបទ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ”។
ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ឯកឧត្តម ស្តេហ្វាន ម៉េសស៊ើរឺ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា រួមនិងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនផ្សេងទៀត ។
ទិវានេះរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសហគ្រិនខ្មែរ អង្គការGIZ អង្គការUNIDO ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំងបង្ហាញផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង “វេទិកាវេចខ្ចប់នៅកម្ពុជា” ដែលជាព្រឹត្តិការណ៍អម៕