រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥។
ឆ្នាំ២០២៥នេះប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ហើយដែលមានសមាសភាពចូលរួមប្រជុំ និងចូលរួមក្នុងលំហាត់ប្រមាណ ៤០០នាក់ មកពីបណ្តាប្រទេសអាស៊ានបូក ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េ និងអគ្គលេខាធិការដ្ឋានអាស៊ាន(ថ្នាក់អគ្គនាយក និងអគ្គលេខាធិការ)។
ចំពោះកាលបរិច្ឆេទនៃការចាប់ផ្តើមលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន នឹងប្រព្រឹត្តិទៅពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាកេថ្មី សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីបើកលំហាត់សមយុទ្ធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងពិធីបិទលំហាត់សមយុទ្ធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។