លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ និងយុទ្ធដំណើរទ័ពកងរាជអាវុធហត្ថ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ័ ទី០១ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រួតពិនិត្យផែនការស្តីពីយុទ្ធដំណើរទ័ពកងរាជអាវុធហត្ថពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងពីវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការងាររៀបចំផែនឈរ ផែនទ័ពព្យុះហយាត្រា និងផែនគ្រឿងចក្រព្យុះហយាត្រា អបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣-០៦ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូយោធាជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

សម្រាប់ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព្រះរាជពិធីនេះ នឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។