លោកវេជ្ជបណ្ទិត​ Saia Ma’u Piukala​ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយឯកឧត្តមសាស្រ្តាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​កម្ពុជា និងប្រតិភូ នា​ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស

ក្នុងជំនួបសំណេះសំណាល ពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៥លោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម (Primary Health Care) ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤​ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។ល។

លោកវេជ្ជបណ្ទិត​ Saia Ma’u Piukala​ នាយកអង្គការសុខភាពពិភពលោកប្រចាំ​តំបន់ប៉ាស៊ីហ្វិកខាងលិច ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់វិភាគទានរួមចំណែក​សម្រាប់យុទ្ធនាការកៀគរមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការសុខភាពពិភពលោក​ (Investment Round) ដែលនេះគឺជាកាយវិការដ៏ល្អប្រពៃនៃកម្ពុជា។ លោកនាយកប្រចាំតំបន់​ ក៏បានជម្រាបអំពីស្ថានភាពរបស់អង្គការ​សុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ​ ដោយ
ត្រូវធ្វេីអាទិភាពកម្មវិធី​ ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ​ អង្គការ​សុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាពសុខាភិបាលកម្ពុជា។

ជាការឆ្លេីយតប​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី​ បានថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក​ ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ជូនដល់​វិស័យ​សុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ​ ដូចជា​ ការថែទាំសុភាពបឋម​ ការលុបបំបាត់ជំងឺគ្រុនចាញ់​ ជំងឺអេដស៍​ ជំងឺរបេង ការប្រយុទ្ធនឹងជំងឺមិនឆ្លង ជាដើម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី​ ក៏បានស្វាគមន៍ដំណេីរទស្សនកិច្ចនៅកម្ពុជា​ ម្តងទៀត​ របស់លោកនាយកប្រចាំតំបន់ក្នុងឆ្នាំនេះ៕