លោកជំទាវ ទេស ផល្លីន អញ្ជើញទទួលអំណោយ Sakatonik (សាកាតូនិច) វីតាមីនការពាររាងកាយ និងបង្កើនភាពស៊ាំ ចំនួន ៩៦០កំប៉ុងពីក្រុមហ៊ុន មីត ហេង (ខេមបូឌា) អិលធីឌី តាមរយៈ ឱសថស្ថាន យូ ប៊ីន ផ្តល់ជូនក្រសួងព័ត៌មាន,

( ភ្នំពេញ )នៅព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៥ លោក ហេង វិចិត្រ អគ្គនាយកក្រុមហ៊ុន មីត ហេង (ខេមបូឌា) អិលធីឌី តាមរយៈ លោកស្រី វេជ្ជបណ្ឌិត ណុប ណាវីន បានផ្តល់នូវអំណោយ Sakatonik (សាកាតូនិច) វីតាមីនការពាររាងកាយ និងបង្កើនភាពស៊ាំ ចំនួន ៩៦០កំប៉ុង មកជូនដល់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញទទួលពី លោកជំទាវ ទេស ផល្លីន អគ្គនាយិការដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ។
លោកស្រី វេជ្ជបណ្ឌិត ណុប ណាវីន បានជម្រាបជូនថា អំណោយដែលក្រុមហ៊ុន មីត ហេង (ខេមបូឌា) អិលធីឌី ដែលផ្តល់ជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះមានចំនួន ៩៦០ កំប៉ុង ក្នុង ១កំប៉ុង ៣០គ្រាប់ ជាប្រភេទវីតាមីន ការពាររាងកាយ និងបង្កើនភាពសាំ ដែលមានតម្លៃសរុប ៧ ៦៨០ ដុល្លារ ។ អំណោយនេះគឺសម្រាប់ចូលរួមសកម្មភាពមនុស្សធម៍ជាមួយក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែឃើញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តែងតែចុះធ្វើសកម្មភាពមនុស្សធម៍ចែកជូននូវអំណោយដល់អ្នកដែលមានជីវភាពខ្វះខាត ពិសេសបានគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់មន្ត្រី និងប្រជាពលរដ្ឋនៅខេត្តក្រចេះ ។
លោកជំទាវ ទេស ផល្លីន អគ្គនាយិការដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននូវការអរគុណដល់ក្រុមហ៊ុន មីត ហេង (ខេមបូឌា) អិលធីឌី តាមរយៈ អ្នកគ្រូឱសថស្ថាន យូ ប៊ីន លោកស្រី វេជ្ជបណ្ឌិត ណុប ណាវីន ដែលបាននាំយកនូវអំណោយប្រភេទ វីតាមីន មកប្រគល់ជូនដល់ក្រសួងព័ត៌មាន ដើម្បីទុកប្រើប្រាស់ដើម្បីជួយដល់សុខភាពសាធារណៈរបស់មន្ត្រីក្រសួងព័ត៌មាន និងប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ។ លោកជំទាវ បានជម្រាបថា នៅក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រីក្រសូងព័ត៌មាន បានបង្កើតបន្ទប់សុខភាពមន្ត្រីសម្រាប់បងប្អូនមន្ត្រីដែលមាន បញ្ហាសុខភាពក្នុងអំឡុងពេលបំពេញការងារ និងផ្តល់នូវការប្រឹក្សាយោបល់បឋមមួយចំនួនលើបញ្ហាសុខភាព។
បន្ទប់សុខភាពមន្ត្រី! ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារនិងលើកកម្ពស់សុខភាពមន្ត្រី, បងប្អូនមន្ត្រីដែលមានបញ្ហាសុខភាពបានមកទទួលសេវាបឋមនេះច្រើននាក់៕