លោកជំទាវ ឈី វិជ្ជរ៉ា បានអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឈី វិជ្ជរ៉ារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការ កសាងសមត្ថភាពមន្ត្រីនៃគណៈកម្មាធិការកែរទម្រង់ រដ្ឋបាលសាធារណៈ តំណាងឯកឧត្តម យក់ ប៊ុន ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ» ដោយមានការអញ្ជើញចូលរួមពីលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបារាំង និងមានការចូលរួមពីគណៈប្រតិភូនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង, តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ជាច្រើនរូប
នាសហសាលនៃសាលាភូមិន្ទរដ្ឋបាល។
លោកជំទាវ ឈី វិជ្ជរ៉ា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺកើតចេញពីគំនិតផ្តួចផ្តើមនិងការណែនាំតម្រង់ទិសដោយផ្ទាល់ពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិករប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលដោយការពិភាក្សាជាបន្តបន្ទាប់ជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលេណេស៊ីបារាំង ក្រោមកិច្ចសម្រប សម្រួលដោយលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង រហូតឈានដល់ការកំណត់រួមគ្នាអំពីទស្សនទាននៃសន្និសីទអន្តរជាតិនេះ ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ
កម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្ដមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ ដែល ប្រទេសកម្ពុជាកំពុងតែអនុវត្តនាពេលបច្ចុប្បន្នផងដែរ។ជាការ ពិតណាស់ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងពាក់ព័ន្ធនឹងសាលាភូមិន្ទរដ្ឋបាលនេះ មានតាំងពីយូរលង់ណាស់មកហើយ។ បើតាមលោកជំទាវ ឈី វិជ្ជរ៉ា សម្រាប់កម្មវិធីសន្និសីទនេះ វេទិការទី១ នឹងផ្តោតលើការផ្តល់បទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ៤ជាបន្តបន្ទាប់រួមមាន៖
ទី១៖ បទបង្ហាញទី១ ស្ដីពី «បរិវត្តកម្មរួមគ្នានៃមុខងាររចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ» ដោយលោកបណ្ឌិត Alain Moyrand សាស្ត្រាចារ្យនីតិសាធារណៈ នៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង ។
ទី២៖ បទបង្ហាញទី២ស្ដីពី «ការត្រួតពិនិត្យរដ្ឋបាលផ្ទៃក្នុង» ដោយលោកបណ្ឌិត Jean-Paul Pastorel សាស្ត្រាចារ្យនីតិសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង ។
ទី៣៖ បទបង្ហាញទី៣ ស្ដីពី «៨០ឆ្នាំនៃអង្គការសហប្រជាជាតិ(១៩៤៥-២០២៥)៖ សមិទ្ធផលនិងបញ្ហាប្រឈម» ដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត Florence Poirat នាយិកាសាលាបណ្ឌិតនៃសាកលវិទ្យាល័យ ប៉ូលីណេស៊ី។
ទី៤៖ បទបង្ហាញទី៤ ស្ដីពី «ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា. ទស្សនៈវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា» ដោយលោកស្រីបណ្ឌិត Rodica Ailincai សាស្ត្រាចារ្យវិទ្យាសាស្ត្រអប់រំនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង។
នៅក្នុងឱកាសនេះ លោកជំទាវ ឈី វិជ្ជរ៉ា សង្ឃឹមយ៉ាងមុតមាំថា អង្គសន្និសីទរយៈពេល១ព្រឹកនេះ គឺជាវេទិកាមួយដ៏សំខាន់ដែលវាគ្មិនកិត្តិយសបានចូលរួមចែករំលែកចំណេះដឹង បទពិសោធ ការសិក្សាស្រាវជ្រាវ និងទស្សនៈល្អៗ ដែលជាធាតុចូលដ៏មានតម្លៃ និងចូលរួមចំណែកគាំទ្រដល់ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែប្រសើរឡើង៕