លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រំលេច ពីតម្លៃនៃសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពី សម្តេចតេជោ ហ៊ុន សែន

ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងបណ្ណាល័យ សមិទ្ធផលនានានិងចម្រើនព្រះជន្ម ប្រគេនព្រះគ្រូធម្មត្ថេរោ សែម សារិន្ទ នៅវត្តវេឡុវ័ន (ហៅត្រពាំងខ្នារ) ខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរំលេចអំពី ពីតម្លៃនៃសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងយកចិត្តទុកដាក់លើកតម្កើតព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងផ្តល់នូវសេរីភាពខាងជំនឿសាសនា រក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជាបានយ៉ាងល្អប្រសើរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានប្រសាសន៍ថា តាមរយៈព្រះសង្ឃជាស្រែបុណ្យផ្តល់នូវពុទ្ធឱវាទ ដែលប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ ក្នុងការបានផ្សារភ្ជាប់នឹងការអប់រំសីលធម៌ គុណធម៌ និងចរិយាធម៌។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជីដូន ជីតា មីង មីង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានពិធីសម្ពោធឆ្លងបណ្ណាល័យ សមិទ្ធផលនានានិងចម្រើនព្រះជន្ម ប្រគេនព្រះគ្រូធម្មត្ថេរោ សែម សារិន្ទ នៅវត្តវេឡុវ័ន (ហៅត្រពាំងខ្នារ) ។
លោកជំទាវបណ្ឌិត បានគោរពកោតសរសើរ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្តេច ព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជន លោកតា លោកយាយ និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹង ប្រែងកៀរគរសម្ភារ និងថវិការ ព្រមជាមួយស្មារតី និងឆន្ទៈដ៏មោះមុតជួយដល់ការកសាង បណ្ណាល័យ សមិទ្ធផលនានារហូតសម្រេចចេញជារូបរាងឡើង ដែលយើងទាំងអស់គ្នាកំពុងរៀបចំពិធីសម្ពោធឆ្លងនាឱកាសនេះ ដើម្បីទុកជាឧត្តមប្រយោជន៍បម្រើក្នុងព្រះពុទ្ធសាសនា ដែលក្លាយជាកន្លែងប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបគោរពប្រតិបត្តិ ។
នាឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំបច្ច័យ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកប្រគេន និងចែកជូនដល់ សម្តេច ព្រះមន្រ្តីសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស , យុវជនកាយរិទ្ធ , និងយុវជន អ.ម.ត និងបច្ច័យប្រគេនវត្តវេឡុវ័ន (ហៅត្រពាំងខ្នារ) មួយចំនួនផងដែរ ។
សូមជម្រាបជូនថា ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាចក្រកម្ពុជា, សម្តេច ព្រះមន្ត្រីសង្ឃតាមឋានានុក្រម , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម វុឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ , តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ៕