រុស្សី នឹងបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍

ភ្នំពេញ ៖ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

អ្នកវិនិយោគិនរុស្សី និងកម្ពុជាទាំងពីររូបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាពរបស់ក្រុមហ៊ុនកន្លងមកលើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេស គឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

ក្រុមវិនិយោគិនអន្តរជាតិ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី ថា ប្រទេសជាសមាជិក BRICS ដែលជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក នឹងបើក Boxing House នៅកម្ពុជា ដែលពិតជាបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោក Vladimir Palancica ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ ដែលគ្រោងរៀបចំនៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីការចូលរួមរបស់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា៕