រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង មានដឹកស៊ុតមាន់៥០ដុំ ស្មើ១៥០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាតត្រូវបាន សមត្ថកិច្ចបង្រ្កាបកាលពីម៉ោង០៦ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកម្លាំងបង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា កម្លាំងសម្ងាត់បានរាយការណ៍ មកឱ្យជួយស្ទាក់ រថយន្ត ០១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលទៅកាន់ រាជធានីភ្នំពេញហើយ ។
ភ្លាមៗ កម្លាំងបានដាក់ពង្រាយកម្លាំង រហូតមកដល់វេលាម៉ោងកើតហេតុ បានប្រទះឃើញ រថយន្តដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ នឹងឃាត់បាននៅនឹងកន្លែងតែម្តង។ ដោយបានត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ។
ប្រភពបន្តថា កម្លាំងជំនាញបានសាកសួរម្ចាស់ដឹកស៊ុតមាន់ថា គាត់បានបើកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយ នៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញបានយកវត្ថុតាង ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕