រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២៥ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ជលផល ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

២- អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នូវ៖

២.១. សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។

២.២.សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។

៣-អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃ អង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានរបៀបវារៈ ដូចខាងក្រោម៖

៣.១.ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។

៣.២.ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក៕