រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានសារជាថ្មី ចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានសារជាថ្មី ចំពោះមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ជាពិសេសនិងត្រូវលុបឈ្មោះចេញក្របខ័ណ្ឌ ស្របតាមគោលការណ៍ (វះកាត់សាច់ស្អុយចោល)។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» ដែលមានការអញ្ជើញចូលរួម ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រីនិងកងកម្លាំងទាំងអស់ មិនត្រូវធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀនជាដាច់ខាត ប្រសិនបើមានការពាក់ព័ន្ធនិងស្រាវជ្រាវរកឃើញនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ហើយក៏ត្រូវលុបឈ្មោះចេញក្របខ័ណ្ឌដោយគ្មានការលើកលែង។ មួយវិញទៀត ឯកឧត្តមក៏បានដាស់តឿនដល់មន្រ្តីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់នោះ។
ពាក់ព័ន្ធទៅបញ្ហានៅពន្ធនាគារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ផងដែរថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ ៤០ភាគរយគឺជាប់ពាក់ព័ន្ធគ្រឿងញៀន។
ដូច្នេះនាពេលខាងមុខ ក្រសួងនឹងធ្វើការបែងចែករៀបចំពន្ធនាគារមួយដាច់ដោយឡែក សម្រាប់ដាក់តែអ្នកទោស នៃបទល្មើសគ្រឿងញៀន។
បន្ថែមពីលើនេះ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ត្រីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់។ ខណៈកន្លងទៅ នៅពន្ធនាគារមួយចំនួន បានបើកដៃឲ្យអ្នកទោស ប្រើប្រាស់ទូរស័ព្ទ, ប្រើប្រាស់កាតវេរលុយទៅក្រៅប្រទេស, និងកើតមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងទប់ស្កាត់ និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ នៃឧក្រិដ្ឋកម្មគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែល គិតត្រឹមឆ្នាំ២០២៤កន្លងទៅ មានចំនួន៩លើកមកហើយ សំដៅជំរុញ និងកៀរគរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាចលនាជាតិមួយ ក្នុងស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់៕