រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា÷ ក្រសួងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយឈរលើអភិក្រម នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺពង្រឹងជាជាងពង្រីក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា បន្ទាប់ពីបានពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងនឹងធ្វើការកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយឈរលើអភិក្រម នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺពង្រឹងជាជាងពង្រីក។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា “ដោយអនុវត្តតាមសេចក្តីណែនាំ និងសារាចរ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីគាំទ្រដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយធ្វើការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងទេសចរណ៍។ ជាលទ្ធផលក្រសួងបានកំណត់មុខងារគោលចំនួន៣ រួមមាន៖ ទី១.គ្រប់គ្រងវិស័យទេសចរណ៍, ទី២.ដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទី៣.សេវាគាំទ្រដំណើរការទូទៅវិស័យទេសចរណ៍។ ព្រមទាំងកំណត់មុខងារគាំទ្រ ចំនួន១៨ និងមុខងារជំនាញ ចំនួន៣២។”
ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ទៀតថា ផ្អែកតាមលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្រសួងទេសចរណ៍ បានបង្ហាញថា តួនាទី និងភារកិច្ចរបស់គណៈកម្មការមួយចំនួន ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ មានភាពស្ទួនគ្នាជាមួយនឹងតួនាទីភារកិច្ចរបស់ក្រសួងទេសចរណ៍ ព្រមទាំងតួនាទី ភារកិច្ចមួយចំនួននៅក្រសួងដទៃ មានភាពស្ទួនគ្នា ក៏ដូចជាតួនាទី ភារកិច្ចរបស់ការិយាល័យផងដែរ។ ផ្អែកតាមរបបគំហើញដែលបានរកឃើញ ក្រសួងគ្រោងនឹងកែសម្រួលរចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន ឱ្យសមស្របទៅនឹងមុខងារថ្មីរបស់ក្រសួងទេសចរណ៍ និងកែសម្រួលតួនាទី ភារកិច្ចរបស់គណៈកម្មការនានា ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងមន្ត្រីរាជការ តាមអង្គភាពនីមួយៗ លើមុខងារមួយចំនួន ដើម្បីប្រសិទ្ធភាពការងារ។
សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕