រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន SCE បានសម្រេចដាក់លូប្រអប់ដ៏ធំពីរខ្សែ ពង្រីកបន្ថែម សងខាងលូប្រអប់ចាស់មានមុខកាត់៤ម៉ែត្រx៣ម៉ែត្រ ដាក់ជម្រៅ៥ម៉ែត្រ ខណ្ឌប្ញស្សីកែវ

គិតត្រឹមថ្ងៃទី១៤ កុម្ភៈ ២០២៥នេះ ក្រុមការងារជំនាញបានចាប់ផ្តើមបិទផ្លូវលេខ៥៩៨ ត្រង់ទីតាំងប្រសព្វប្រឡាយអូរវែង ដើម្បីអនុវត្តន៍គម្រោងលូប្រអប់ដ៏ធំពីរខ្សែ ទំហំ៤ម៉ែត្រx៣ម៉ែត្រ ពង្រីកបន្ថែមលើលូប្រអប់ចាស់ដែលមានស្រាប់ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន ដោយធ្វើការបិទម្ខាង និងបើកម្ខាង ចាប់ពីម៉ោង៨ៈ០០ព្រឹកនេះ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង១៧ៈ០០ល្ងាច ។ ដែលជាការអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនSCE សូមប្រជាពលរដ្ឋទាំងអស់ឆ្លងកាត់តំបន់នេះ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ក្នុងករណីមិនមានការចាំបាច់ត្រូវឆ្លងកាត់តំបន់នេះ ៕