រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាពិភព លោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ក្រោមប្រធានបទ “ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិមិត្ត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត” 

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥  រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធទិវាពិភព លោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ក្រោមប្រធានបទ “ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិមិត្ត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត” ។ ទិវានេះធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ  អង្គភាពស្ថាប័នពាក់ព័ន្ធ អគ្គនាយក នាយក និងតំណាងរោងចក្រសហគ្រាស គ្រឹះស្ថាន ព្រមទាំងបងប្អូនកម្មករ និយោជិតចំនួន ១,៤០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខ ភាពការងារឆ្នាំ២០២៥ ក្នុងគោលបំណង បំផុសការយល់ដឹងជាសាធារណៈ ស្តីពីសុវត្ថិភាពសុខភាពការងារ និងការកាត់ បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦- ២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ 

ឯកឧត្តម បានបញ្ចាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តប្រកបដោយជោគ ជ័យនូវអនុសាសន៍គន្លឹះទាំង១០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ និយោជិត អនុវត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ការកាត់បន្ថយចំនួនវិវាទការងារ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងការពង្រឹងរបបសន្តិសុខសង្គម សម្រាប់កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងបុគ្គលក្នុងវិស័យសាធារណៈ។ ជាពិសេសបានសម្របសម្រួលក្នុងការបើកផ្តល់ប្រាក់ឈ្នួលចុងក្រោយជូនកម្មករនិយោជិតជនជាតិខ្មែរ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) នាពេលកន្លងមក ។

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវ: បានថ្លែង អំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលផ្តល់កិច្ចសហការរៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ដែលសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេល២០ឆ្នាំកន្លងមក យើងបានដាក់ចេញនូវប្រធានបទជាច្រើនដែលគិតគូរអំពីដល់ឧស្សា ហកម្ម 4.0 ហើយប្រព័ន្ធឌីជីថល គឺជាស្មាតហ្វូនដែលយើងទទួលបាននាពេលបច្ចុប្បន្ន ក្នុងការទទួលបានព័ត៌មានមានដូចជា បណ្ណ ប.ស.ស និងលក្ខខណ្ឌការងារជាច្រើនផ្សេងទៀតមានភាពងាយស្រួល ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗ និងទប់ស្កាត់គ្រោះថ្នាក់ការងារតាមរយ:ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងអំណគុណតំបន់សេដ្ឋកិច្ចពិសេសចេជាង រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ផ្តល់ឪកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ហើយទុនវិនិយោគ និងនិយោជិតរបស់យើងមាន ការកើនឡើង ដូច្នេះយើងត្រូវគិតគូរដោះ ស្រាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារស្របតាមបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានគិតគូរពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារចាប់ពីយើងធ្វើការ ចេញពីកន្លែងការងាររហូតដល់ពេលចូលនិវត្តន៍ ហើយភាគីពាក់ព័ន្ធលើយតបទៅនឹងការវិនិ យោគឧស្សាហកម្មថ្មីប្រើដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីៗរួមចំណែកក្នុងចលនាសហគមន៍សុខសាន្ត។ ឆ្នាំ២០២៥ មានក្រុមហ៊ុន សហគ្រាសទទួលបានពានរង្វាន់ចំនួនជាង៣០ និងបន្តទទួលបានការបញ្ចាទិញបន្ថែមទៀតដែលចូលរួមពីដៃគូរពាក់ព័ន្ធទទួលបានលទ្ធផលជាផ្លែផ្កា ។