រដ្ឋបាលខេត្តព្រះសីហនុ ដង្ហែតពានរង្វាន់ជ័យ លាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤

ពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីដង្ហែរយ៉ាងឱឡារិក ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង ប្រធានក្រុមការងារវិស័យអប់រំយុវ ជន និងកីឡា លោកជំទាវ សេង សុមេត្តា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីនុ ឯកមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករដង្ហែរចូលសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី១០ ខែមីនា ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំ ឆ្នាំ២០២៤ ដល់សាលាមតេ្តយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ចំណាត់ថា្នក់លេខ១ -វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំណាត់ថា្នក់លេខ៥ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណាត់ថា្នក់លេខ៧។ ជោគជ័យដែលទទួល បាននេះ គឺពិតជាបាននំាមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខា ភិបាលនៅខេត្ត ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាវិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជម្រុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិឱ្យមានការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំងបន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។