យុទ្ធនាការដែលគេឲ្យឈ្មោះថា «៥០រដ្ឋ ៥០ដង ក្នុង១ថ្ងៃ» ប្រឆាំងតវ៉ាជាមួយនឹងប្រធានាធិបតីអាណត្តិទី២អាម៉េរិក លោក Donald Trump និងលោក Elon Musk កាន់តែកើនឡើង

ក្រុមបាតុករនៅអាម៉េរិកបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋ Georgia កាលពីថ្ងៃពុធនេះ(ម៉ោងនៅអាម៉េរិក) ខណៈដែលក្រុមបាតុករផ្សេងទៀតក៏បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិកដែរ ដើម្បីប្រឆាំងនឹងសកម្មភាពនានាជាលើកដំបូងរបស់រដ្ឋបាលលោក Trump ។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅក្នុងឧទ្យានអូឡាំពិក Centennial របស់ Atlanta ហើយបានដើរដង្ហែទៅកាន់កាពីតូលរបស់រដ្ឋ Georgia ដោយស្រែកច្រៀង និងគ្រវីស្លាកសញ្ញា និងបដាយ៉ាងខ្លាំងដើម្បីថ្កោលទោសប្រធានាធិបតី Donald Trump និងមហាសេដ្ឋី Elon Musk ដែលជាអ្នកដឹកនាំនិងជារដ្ឋមន្រ្តីក្រសួងកំណែទម្រង់ប្រសិទ្ធភាពថ្មីរបស់លោក Trump ដែរ។ ការតវ៉ានេះគឺជាលទ្ធផលនៃចលនាមួយដែលបានរៀបចំប្រព័ន្ធតាមអ៊ីនធឺណិតក្រោមសញ្ញាហាសថេក #buildtheresistance និងលេខហាសថេក #50501 ដែលតំណាងឱ្យការតវ៉ាចំនួន៥០រដ្ឋ និង៥០ដងក្នុងមួយថ្ងៃ។ គេហទំព័រ និងគណនីនានាទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមបានចេញសេចក្តីអំពាវនាវឱ្យមានសកម្មភាពនេះកាន់តែច្រើន ដោយមានសារជាច្រើនដូចជា “បដិសេធហ្វាស៊ីសនិយម” និង “ការពារលទ្ធិប្រជាធិបតេយ្យរបស់ពួកយើង” ជាដើម។ ក្រុមអ្នកតវ៉ាបានដើរតាមផ្លូវក្នុងទីក្រុង Philadelphia (ហ្វីឡាឌែបព្យា)និងនៅរដ្ឋធានីនៃរដ្ឋ California , រដ្ឋ Minnesota , រដ្ឋ Michigan រដ្ឋ Texas រដ្ឋ Wisconsin រដ្ឋ Indiana (ឥណ្ឌាយ៉ាណា) និងច្រើនជាងនេះទៀត។ បន្ទាប់ពី លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងនៃអាណត្តិថ្មីរបស់លោក ដោយគ្រប់យ៉ាងទាក់ទងនឹងពាណិជ្ជកម្ម និងនិរទេសជនអន្តោប្រវេសន៍ រហូតដល់ការប្រែប្រួលអាកាសធាតុជាដើមបានធ្វើឲ្យអ្នកគំាទ្រគណបក្សប្រជាធិបតេយ្យចាប់ផ្តើមបញ្ចេញសំឡេងប្រឆាំងនឹងរបៀបវារៈរបស់លោក Trump មិនឈប់ឈរ និង បញ្ចេញនូវសកម្មភាពដើរក្បួនតវ៉ាកាន់តែកើនឡើងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ