មិនពិបាកទៀតទេ! កម្ពុជាទទួលបានឧបករណ៍លាងឈាមប្រភេទថ្មី ពីចិន ដែលអាចឱ្យអ្នកជំងឺប្រើប្រាស់ដោយខ្លួនឯងបាន

ភ្នំពេញ ៖ បរិក្ខារពេទ្យ និងឧបករណ៍លាងឈាមប្រភេទថ្មី ដែលអាចអនុញ្ញាតឱ្យអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាប្រើប្រាស់ដោយខ្លួនឯងបាន។ ឧបករណ៍នេះ ទទួលបានពីក្រុមហ៊ុនមួយរបស់ប្រទេសចិន ឈ្មោះ Dongze Medical។
ពិធីប្រគល់និងទទួលនេះ ធ្វើឡើងកាលពីថ្ងៃទី១០មិថុនា ឆ្នាំ២០២៥ ក្រោមការចូលរួមពី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយតំណាងក្រុមហ៊ុនចិន។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានកោតសរសើរភាគីចិនដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។
ឯកឧត្តម ឈាង រ៉ា បានថ្លែងថា ជំងឺតម្រងនោម គឺជាជំងឺមួយក្នុងចំណោមជំងឺផ្សេងៗទៀត ដែលកំពុងបង្កជាបញ្ហាប្រឈមមួយដល់សុខភាពសាធារណៈនៅកម្ពុជា ជាពិសេសអ្នកជំងឺក៏ត្រូវតម្រូវឱ្យមានការលាងឈាមរយៈពេលវែងផងដែរ។ ដូច្នេះ លោកចាត់ទុកឧបករណ៍វេជ្ជសាស្ត្រនេះ ថាមានសារសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាមដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ កាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។
រដ្ឋមន្រ្តីសុខាភិបាល ក៏អះអាងដែរថា ថ្វីដ្បិត ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺលាងឈាមនៅក្រៅមន្ទីរពេទ្យបាន ប៉ុន្តែក៏ទាមទារឱ្យអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាម ដើម្បីចេះប្រើឧបករណ៍ និងបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញ និងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់៕