មន្ទីរព័ត៌មានខេត្តកែប បើកវគ្គបណ្តុះបណ្តាលជំនាញរៀបចំគេហទំព័រជូនដល់មន្រ្តីស្នូលនៃមន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក

កែប៖ វគ្គបណ្តុះបណ្តាលស្តីពី ជំនាញរៀបចំគេហទំព័រ ត្រូវបានមន្ទីរព័ត៌មានខេត្តកែបរៀបចំធ្វើឡើង ជូនដល់មន្រ្តីជំនាញមកពីបណ្តាមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីនៃរដ្ឋបាលក្រុងស្រុក ដើម្បីស្វែងយល់បន្ថែមស្របតាមយុគសម័យបច្ចេកវិទ្យាដែលកាន់តែរីកចម្រើន។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប មានប្រសាសន៍ថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ថ្ងៃនេះមន្ទីរព័ត៌មានខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញរៀបចំគេហទំព័រនេះឡើង ក្នុងគោលបំណងឱ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកែប បានយល់ដឹងពីអត្ថប្រយោជន៍នៃគេហទំព័រ ការបង្កើតគេហទំព័រ ការប្រើប្រាស់ប្រព័ន្ធAI យល់ដឹងពីប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គម និងស្វែងយល់ពីប្រព័ន្ធទំនាក់ទំនងសង្គម Cool App ជាដើម។
លោកថា ការលើកយកនូវវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាទុនអោយមន្រ្តីស្នូលតាមបណ្តាមន្ទីរនានា ក៏ដូចជាមន្រ្តីស្នូលនៃរដ្ឋបាលក្រុងស្រុក យកទៅអនុវត្តនិងផ្សព្វផ្សាយអំពីសកម្មភាពអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីចូលរួមផ្សព្វផ្សាយគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត និងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
ឆ្លងកាត់តាមរយ:គ្រូឧទ្ទេសដែលបានធ្វើការបកស្រាយ និងសំនួរចម្លើយ សិក្ខាកាមម្នាក់ៗបានសម្តែងការយកចិត្តទុកដាក់ខ្ពស់ ជាមួយវគ្គបណ្តុះបណ្តាលខាងលើ ដែលនេះបង្ហាញពីប្រសិទ្ធភាពនៃការរៀបចំ របស់មន្ទីរព័ត៌មានខេត្ត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកែប