មន្ត្រីក្រសួងធនធានទឹក ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបាន៧៥ភាគរយ

ខេត្តកំពង់ធំ ៖ យោងតាមការឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថា ៖ វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ សំណង់ស្ទាក់ទឹក កំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រេចបានប្រមាណ៧៥ភាគរយហើយ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែង គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនិង បានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារសម្រេចបានតាមផែនការដែលគ្រោងទុក។

គួរដឹងថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដមណាំកសិកម្មរដូវប្រាំងដែលរួមមាន៖ ដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ និងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានា ដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ៕