មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅទីបេឡើងដល់១២៦នាក់ របួស១៨៨នាក់! ខណៈទីតាំងរងគ្រោះនេះត្រូវបានគេកត់ត្រាធ្លាប់រងគ្រោះរញ្ជួយដីជាង៥០០ដងមកហើយ
ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ទីបេនៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត និងសពមនុស្សដែលកប់ក្រោមគំនរបាក់បែកដដែលដោយស្ថិតក្រោមសីតុណ្ហភាពដ៏សែនត្រជាក់ខ្លាំងនៃទីបេ នាភាគខាងលិចប្រទេសចិននៅថ្ងៃពុធនេះ និងក្រោយពីមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានផ្តួលរំលំនិងបំផ្លាញខ្នងផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សចំនួន១២៦នាក់ហើយ គិតត្រឹមរសៀលថ្ងៃពុធនេះ ស្របពេលដែលចំនួនមនុស្សស្លាប់អាចកើនបន្ថែមទៀត ខណៈមនុស្សរបួសកើនដល់ ១៨៨នាក់ដែរ។ គ្រោះររញ្ជួយដីនៅទីបេបានកាលពីម្សិលមិញបានវាយប្រហារក្នុងចំងាយប្រហែលជា៧៥គីឡូម៉ែត្រពីតំបន់ភ្នំអេវឺរែសនិងព្រំដែនជាមួយប្រទេសនេប៉ាល់ដែលជាកន្លែងរញ្ជួយខ្លាំង បានធ្វើឱ្យមនុស្សម្នារត់ចេញពីផ្ទះរបស់ពួកគេនៅក្នុងរដ្ឋធានី Kathmandu (កាត់ថ្មាន់ឌូ)។ យោងតាមការស្ទាបស្ទង់នូវមតិជាបឋមមានផ្ទះជាង៣៦០០ខ្នងបានដួលរលំ ហើយអ្នកស្រុក៣០ម៉ឺនត្រូវផ្លាស់ប្តូរទីលំនៅ នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលទីក្រុង Shigatse (ហ្សីហ្កាត់សេ)ដែលត្រូវគេស្គាល់ឈ្មោះថា Xigaze (ហ្ស៊ីហ្កាសេ)ជាភាសាចិន។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថាក្រសួងគ្រប់គ្រងគ្រាអាសន្ន មានអ្នកជួយសង្គ្រោះសរុប១៨៥០នាក់មានទាំងក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមផ្សេងទៀត។ សំពត់តង់ ភួយ និងសម្ភារៈសង្គ្រោះផ្សេងៗទៀតកំពុងត្រូវគេបញ្ជូន ដើម្បីផ្តល់ទីជំរកសម្រាប់មនុស្សដែលគ្មានផ្ទះសម្បែងនិងគ្មានសុវត្ថិភាពរដូវរងារនេះ។ សីតុណ្ហភាពបានធ្លាក់ចុះកាន់តែត្រជាក់ពេញមួយយប់មិញនៅក្នុងតំបន់រញ្ជួយដែលធ្វើឲ្យអ្នកសង្រ្គោះពិបាក និង ជនរងគ្រោះកាន់តែពិបាក។ ទីតាំងនេះត្រូវគេកត់ត្រាថាតែងតែរងគ្រោះរញ្ជួយដីជាង៥០០ដងមកហើយ ហើយកម្រិតខ្លាំងបំផុតគឺ ៧.១ រ៉ិចទ័រ ចំណែកម្សិលមិញទីតាំងដដែលដែលរញ្ជួយនេះមានកម្រិត៦.៨រ៉ិចទ័រ ប៉ុន្តែបានបំផ្លាញស្ទើរតែទាំងស្រុង៕
សម្រួលអត្ថបទ៖សុផារិន្ទ