មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ បើកដំណើរការដើម្បីជំរុញឧស្សាហកម្មអាហារក្នុងស្រុក

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ នេះជា វឌ្ឍនភាពដ៏សំខាន់នៃកចិច្ចខិតខំប្រឹងប្រែង ដើម្បីលើក ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់ សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។

តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារ ទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់ សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។

គម្រោងសហប្រតិបត្តិការ នេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និង ជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាព សម្រាប់ទីផ្សារ និងការនាំចេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និង មធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុ ពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កើ តតម្លៃបន្ថែមសម្រាប់ផលិតផលក្នុង ស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។”

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូ បំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣ គ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាកល្បងកែច្នៃ ផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថភាពកែច្នៃ វត្ថុធាតុដើម ដូចជាសាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាព ជាច្រើនប្រភេទ ។

ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាសចិន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុ បន្ថែម សំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់នៃអតិសុខុមប្រាណ ដែល គាំទ្រ ផលិតផលអាហារកម្ពុជាឱ្យទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា HACCP និង GMP ជាដើម។

លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា៖ “គម្រោងនេះ មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យត្រៀមខ្លួន សម្រាប់ឧស្សាហូបនីយកម្ម និង ការឈានចូលទីផ្សារជាក់ស្តែង។ យើងសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នឹងក្លាយជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ ”

សហគ្រាសធុនតូច និងមធ្យម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និង សេវាប្រឹក្សាយោបល់ ផ្សេងៗ រួមទាំងការគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រចាំបាច់។ លើសពីនេះ សាល ពិព័រណ៍ នៃមជ្ឈមណ្ឌល នឹងផ្តល់ជាវេទិកាមួយ សម្រាប់ការតាំងបង្ហាញផលិតផល បង្ហាញករណីជោគជ័យ លើកកម្ពស់ ទំនុកចិត្តអ្នកប្រើប្រាស់ និង ជំរុញកិច្ចសហការរវាងសហគ្រាសផលិតអាហារកម្ពុជា និង សហគ្រាសនៅប្រទេសកូរ៉េ ផងដែរ។

លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) បានលើកឡើងថា៖ “តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិត អាជីវកម្មថ្មីៗ យើងចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយ ចីរភាព។ វិទ្យាស្ថាន អភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រមជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និង នវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ។”

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តវិស័យឯកជន ពិសេសសិប្បកម្ម និងសហគ្រាសកម្មន្តសាលក្នុងស្រុក

ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា កែច្នៃអាហារ កម្ពុជា-កូរ៉េ ដើម្បីពង្រឹងសមត្ថភាព នវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្តង់ដាជាតិ និងអន្តរជាតិ ៕