ភ្លើងឆេះព្រៃនៅអាម៉េរិកបន្តរាលដាលទៅកាន់ព្រំដែនរដ្ឋកាលីហ្វ័រញ៉ា-ម៉ិកស៊ិក ជាពិសេសគឺឆាបឆេះដល់ជម្រកសត្វមេអំបៅពូជកម្រ និងប្រភេទសត្វប្លែកៗ

ភ្លើងឆេះព្រៃថ្មីចំនួនពីរទីតាំងទៀតត្រូវបានគេរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះ(ម៉ោងនៅអាម៉េរិក)ក្នុងតំបន់ San Diego រដ្ឋកាលីហ្វ័រញ៉ាដែលស្ថិតនៅជិតព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ កម្លាំងភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈវាលរហោស្ថាននៃជ្រលងភ្នំ Otay ដែលជាជម្រករបស់សត្វមេអំបៅ Quino checkerspot ដែលជិតផុតពូជទៅហើយ និងប្រភេទសត្វកម្រនិងប្លែកៗផ្សេងទៀត។ មកដល់ពេលនេះការជម្លៀសមនុស្សត្រូវបញ្ជាភ្លាមៗនាភាគខាងជើងបន្ថែមទៀត ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ បន្ទាប់ពីវាថមថយនៅក្នុងតំបន់ដ La Jolla នៅក្បែរសាកលវិទ្យាល័យកាលីហ្វ័រញ៉ា San Diego និងសាលាវេជ្ជសាស្ត្រជាដើម។ រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងពេលនេះស្ថិតក្រោមការព្រមានទង់ក្រហមសម្រាប់ហានិភ័យអគ្គីភ័យធ្ងន់ធ្ងររហូតដល់ថ្ងៃសុក្រនេះ។ តំបន់ខ្លះកំពុងប្រឈមមុខនឹងបញ្ហាច្រើនជាប្រចាំដើម្បីគ្រប់គ្រងនិងឆ្លើយតបដោយពន្លត់ភ្លើងខណៈខ្យល់ដ៏គ្រោះថ្នាក់បានកើនឡើង ម្តងម្កាលស្ទើតែមិនអាចទប់ទល់ជាប់។ តំណក់ទឹកភ្លៀងត្រូវបានគេព្យាករថានឹងបង្អុរចុះនៅចុងសប្តាហ៍នេះ ដែលវាអាចជួយបញ្ចប់នូវស្ថានភាពរាំងស្ងួតអស់រយៈពេលរាប់ខែក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនេះ។ សូមបញ្ជាក់ថាខ្យល់បក់ក្នុងតំបន់នេះមិនសូវជាខ្លាំងដូចកាលដែលមានភ្លើងឆេះនៅក្នុងតំបន់ Palisades និង Eaton ប៉ុន្មានទេ ដែលវាមានភាពងាយស្រួលម្យ៉ាងសម្រាប់បេសកកម្មតាមយន្តហោះទម្លាក់ទឹករាប់ម៉ឺនហ្គាឡុងដើម្បីពន្លត់អគ្គីភ័យតាមជម្រាលភ្នំបាន៕

សម្រួលអត្ថបទ៖​ សុផារិន្ទ