ភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រទេសបារាំងនិងកាន់តែរីករាលដាលដោយសារកង្វះទឹកភ្លៀង! ខណៈប្រទេសផ្សេងទៀតរងគ្រោះទឹកជំនន់

អគ្គិភ័យឆាបឆេះដ៏ធំបំផុតមួយនៅក្នុងប្រទេសបារាំងក្នុងរដូវក្តៅឆ្នាំនេះ បាននឹងកំពុងរីករាលដាលយ៉ាងលឿនចាប់ពីថ្ងៃពុធម្សិលមិញ នៅតំបន់សមុទ្រមេឌីទែរ៉ាណេដែលស្ថិតនៅជិតព្រំដែនអេស្ប៉ាញហើយបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ នេះជាភាពបាត់បង់ទ្រង់ទ្រាយធំមិនធ្លាប់មានទេក្នុងតំបន់របស់ពួកយើង។ គួរបញ្ជាក់ថាមានអ្នកពន្លត់អគ្គិភ័យជាង ២១០០ នាក់ និងយន្តហោះទម្លាក់ទឹកពន្លត់ជាច្រើនច្រើនគ្រឿងបានចូលរួមពន្លត់អគ្គិភ័យនេះដែរ ដែលស្ថិតនៅភូមិ Ribaute ក្នុងតំបន់ Aude ដែលជាតំបន់ជនបទហ៊ុមព័ទ្ធដោយព្រៃក្រាស់ ។ យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋបាលក្នុងតំបន់អគ្គិភ័យដែលបានឆាបឆេះផ្ទៃដីចំនួន ១៣,០០០ ហិកតា ហើយនៅតែសកម្មខ្លាំងចាប់ពីថ្ងៃពុធមក។ ជាងនេះទៅទៀតអាកាសធាតុក្ដៅ ស្ងួត និងមានខ្យល់បោកបក់ បាននឹងកំពុងធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យពិតជាពិបាកពន្លត់ភ្លើងនោះខ្លាំងណាស់។ បើតាមអាជ្ញាធរបានឲ្យដឹងទៀតមនុស្សម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គេ ហើយមានមនុស្សយ៉ាងហោចណាស់ ១៣នាក់រងរបួស ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ១១នាក់ដែរ។ យ៉ាងណាមិញក្រសួងបរិស្ថានបាននិយាយថា៖ តំបន់ Aude កំពុងប្រឈមនឹងសភាពស្ងួតខ្លាំងក្នុងខែនេះ ហើយនឹងមានការរឹតបន្តឹងការប្រើប្រាស់ទឹកថែមទៀតផង។ កង្វះទឹកភ្លៀងក្នុងប៉ុន្មានខែចុងក្រោយនេះគឺជាចំណុចសំខាន់ដែលធ្វើឲ្យមានអគ្គិភ័យឆាបឆេះ និង រីករាលដាលដោយសារតែរុក្ខជាតិភាគច្រើនគឺស្ងួតខ្លាំងងាយឆេះ ខណៈប្រទេសផ្សេងទៀតរងគ្រោះទឹកជំនន់ មានដូចជានៅប្រទេសចិន ប៉ាគីស្ថាន និងឥណ្ឌាជាដើម៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា