ពេលនេះសង្រ្គាមនៅ GAZA ធ្វើឱ្យពលរដ្ឋប៉ាលែស្ទីន ជាង១.៩លាននាក់ចាកចេញ! ហើយប្រជាជនដែលនៅសល់រស់នៅ យ៉ាងវេទនាក្រោមសំពត់តង់រខេករខាកនិងកំដៅថ្ងៃដ៏សែនក្តៅ

ប្រជាជនដែលបាត់បង់លំនៅដ្ឋាននៅតំបន់ Gaza កំពុងរងនូវកម្ដៅដ៏សែនក្ដៅដូចរលាកភ្លើង ហើយពួកគេត្រូវបង្ខំរស់នៅទាំងអត់ធ្មត់បំផុត ទោះជាពេលខ្លះសឹងតែមិនអាចទ្រាំទ្របានក្តី។ ស្រ្តីចំណាស់ Sabah al-Dali ជាម្តាយដែលមានកូន១០នាក់ និងរស់នៅជាមួយកូនប្រុស៤នាក់ និងចៅៗសរុបសមាជិកចំនួន១៧នាក់នៅក្នុងសំពត់តង់ចំនួន៣តែប៉ុណ្ណោះ។ ស្រ្តីចំណាស់ al-Dali បាននិយាយរៀបរាប់ថា៖ ពពួកសត្វល្អិតបានខាំយើង ដែលរំខានដល់សត្វសុនខក៏វាចូលមកសំពត់តង់ដេកជាមួយយើងដែរ ហើយនៅពេលយប់មានសត្វកណ្តុររត់ប្រសេចប្រសាច គឺរំខានខ្លាំងណាស់។ កូនៗយើងក៏បានឆ្លងរោគ ហើយរូបគាត់ផ្ទាល់ក៏មានជំងឺទឹកនោមផ្អែម និងលើសឈាមទៀត ប៉ុន្តែមិនមានថ្នាំសម្រាប់លេបព្យាបាលនោះទេ។ គួររំលឹកថាចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារលើតំបន់ Gaza កាលពីខែកញ្ញាឆ្នាំ២០២៣មក ៩០% នៃប្រជាជននៅ Gaza មានចំនួនប្រហែលជា ១.៩ លាននាក់ត្រូវបានបង្ខំចិត្តចាកចេញជាបន្តបន្ទាប់ នេះបើយោងតាមរយៈការបញ្ជាក់របស់អង្គការសហប្រជាជាតិ។ ជាងនេះទៅទៀតមនុស្សជាច្រើននាក់ត្រូវបង្ខំឲ្យផ្លាស់ប្តូរទីលំនៅរាប់សិបដង ដោយប្ដូរពីភាគខាងជើងទៅភាគកណ្តាល និងផ្លាស់ទៅភាគខាងត្បូង Gaza វិញ ខណៈដែលអ៊ីស្រាអែលបន្តផ្តល់បទបញ្ជាឲ្យចាកចេញពីដែនដី Gaza។ គួរបញ្ជាក់ផងដែរថាដោយសារតែសំពត់តង់ស្នាក់នៅមិនសមមាត្រជាមួយនឹងចំនួនមនុស្សច្រើនពេក ហើយអាគារស្ថាបត្យកម្មក្នុងមូលដ្ឋានក៏ត្រូវបំផ្លិចបំផ្លាញដែរ ដូច្នេះគ្រួសារជាង១ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងសំពត់តង់ច្នៃពីសំណល់ប្លាស្ទិកនិងដែកចាស់ៗ រីកដុះដាលពាសពេញ GAZA។ សំពត់តង់រខេករខាកទាំងនេះមិនអាចការពារប្រឆាំងនឹងកម្តៅថ្ងៃដ៏សែនក្ដៅក្នុងរដូវប្រាំងនេះបានទេ ដែលភាគច្រើនវាមានសីតុណ្ហភាពលើសពី៣០អង្សាសេ ថែមទាំងមិនអាចការពារពីសត្វល្អិតខំ ឬក៏សត្វចង្រៃដទៃទៀត និងមិនមានទឹកស្អាតប្រើប្រាស់ និងមិនអាចធ្វើអនាម័យឲ្យបានគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារនីមួយៗបានឡើយ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា