ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមពិធីបុណ្យ «វិសាខបូជា » ក្នុងខេត្តព្រះសីហនុ ប្រកប ដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង សុីណេតអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធ សាសនា បានចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណ គោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥ កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញ វង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែ ប៉ុណ្ណោះ ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហ ប្រជាជាតិ (UN) ក៏បានប្រកាសទទួល ស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។CMD