ពិធីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «នីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា»

ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំ នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «នីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញពីអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នូវ៖

• ប្រកាសអន្តរក្រសួង លេខ ៣៤៥ សហវ.ប្រក.អថ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

• សារាចរលេខ ០០២ សហវ.សរ.អរតន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កិច្ចបញ្ជិកាគណនេយ្យលើការគ្រប់គ្រងនិងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ផ្ទេរមានភ្ជាប់លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់ការគាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនិងមន្រ្តីនៅតាមការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាសេនាធិការ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងជាប្រតិបត្តិករផ្ទាល់ ក្នុងការអនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ លើកិច្ចបញ្ជិការគណនេយ្យ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុផ្ទេរមានភ្ជាប់លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់ការគាំទ្រផ្នែករដ្ឋបាល ដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានប្រគល់និងបានប្រតិភូកម្ម ទៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឱ្យសម្រេចសមិទ្ធផលប្រកបដោយប្រសិទ្ធភាព សក្ក័សិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងផ្តល់នូវមុខងារ និងការទទួលខុសត្រូវខ្ពស់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ យុវជន និងកីឡាជូនប្រជាជន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

ឯកឧត្ដមបានបន្តថា ទោះបីជា មុខងារអប់រំមួយចំនួន ត្រូវបានធ្វើវិមជ្ឈការទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័ន មានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា លើវិស័យអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវមានការទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះក្រសួងអប់រំ យុវជន និងកីឡាផងដែរ តាមរយៈមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត។

មុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជា មុខងារជាកាតព្វកិច្ច អាស្រ័យហេតុនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ចាំបាច់ត្រូវមានកាតព្វកិច្ចដោយខានមិនបានក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះ ដើម្បីធានាដល់ការផ្តល់សេវាអប់រំ យុវជន និងកីឡាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានសម្រេចយ៉ាងហោចត្រឹមកម្រិតស្តង់ដាអប្បបរមា ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា៕