ពិតជាអាសូរទីក្រុង Los Angeles ខ្លាំងណាស់! តំបន់២រងគ្រោះដោយសារភ្លើងឆេះមិនទាន់រលត់ស្រួលបួលផង ពេលនេះខ្យល់បោកបក់ឆេះតំបន់ផ្សេង១ទៀត បង្ខំឲ្យមនុស្សជាង ៥៤០០០នាក់ ត្រូវជម្លៀសចេញភ្លាមៗ

មនុស្សជាង ៥ម៉ឺននាក់ ស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួនចេញ ឬព្រមានធ្ងន់ធ្ងរកាលពីថ្ងៃពុធនេះ (ម៉ោងនៅអាម៉េរិក) ខណៈដែលភ្លើងឆេះព្រៃដ៏ធំ និងរាលដាលយ៉ាងលឿនបានលេបត្របាក់ព្រៃលើភ្នំដ៏ស៊ុបទ្រុប នាភាគខាងជើងនៃទីក្រុង Los Angeles ខណៈដែលភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ាមានខ្យល់កន្ត្រាក់ និងបានបោកបក់យ៉ាងគ្រោះថ្នាក់មួយទៀត បណ្តាលឲ្យមានភ្លើងឆេះជាងលើកមុនៗ។ ភ្លើងឆេះនៅ Hughes បានផ្ទុះឡើងនៅពេលព្រឹកព្រលឹមថ្ងៃព្រ.ហនេះ ហើយត្រឹមតែរយៈពេលប៉ុន្មានម៉ោង វាបានឆេះរាលដាលដល់ផ្ទៃដីជាជាង៣៩គីឡូម៉ែត្រការ៉េ  ស្រូបឆេះដើមឈើ និងជក់ខ្យល់គួរឲ្យខ្លាច និងបានបញ្ចេញផ្សែងខ្មួរខ្មៅយ៉ាងសន្ធោសន្ធៅនៅជិតបឹង Castaic ដែលជាតំបន់កំសាន្តដ៏ពេញនិយមមួយដែរ និងមានចម្ងាយប្រហែលជា៦៤គីឡូម៉ែត្រពីទីតាំងដែលធ្លាប់ឆាបឆេះដ៏សាហាវកាលពីមួយសប្តាហ៍មុន មិនទាន់រលត់ស្រួលបួលផងគឺ Eaton និង Palisades ។ លោក Robert Luna ជាស្នងការរងនៅ LA County បាននិយាយថា មនុស្សជាង ៣១.០០០ នាក់ត្រូវបានគេបញ្ជាឱ្យជម្លៀសខ្លួនចេញ ហើយមនុស្ស ២៣.០០០ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការព្រមានអំពីការជម្លៀសបន្ថែម។ ចំណែកលោក Anthony Marrone ជាប្រធានផ្នែកពន្លត់អគ្គីភ័យរបស់ LA County បាននិយាយថា ភ្លើងនៅតែពិបាកទប់ទល់ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យកំពុងជួយឲ្យអស់សមត្ថភាពហើយ។ លោក Luna បាននិយាយថា ផ្នែកខ្លះនៃផ្លូវ Interstate 5 ដែលធ្លាប់បានបិទ ប៉ុន្តែនឹងត្រូវបើកឡើងវិញក្នុងពេលឆាប់ៗនេះ។ ផ្លូវ Interstate 5 ដែលមានចំងាយ៤៨គីឡូម៉ែត្រគឺជាសរសៃឈាមនាភាគខាងជើងនិងខាងត្បូងដ៏សំខាន់ត្រូវបានបិទ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះតាមកំពូលភ្នំ និងចុះទៅក្នុងអន្លង់ឈើពេញមួយសប្តាហ៍មុន។ ក្រុមសង្រ្គោះនៅលើដី និងតាមអាកាសដោយជិះយន្តហោះបានទម្លាក់ទឹកពន្លត់ភ្លើង និង ព្យាយាមការពារភ្លើងពីកម្លាំងខ្យល់បក់រំកិលឆ្លងកាត់រដ្ឋ និងឆ្ពោះទៅកាន់តំបន់ Castaic ថែមទៀតផង។ សេវាអាកាសធាតុជាតិបាននិយាយនៅលើវេទិកាសង្គម X ថាខ្យល់នៅតំបន់នោះបានបក់បោកក្នុងល្បឿន ៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលរសៀល ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩៦គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលល្ងាច និងនៅថ្ងៃព្រហស្បតិ៍នេះដូចគ្នា ដែលជាកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ៕ 

 

សម្រួលអត្ថបទ៖ សុផារិន្ទ