ពលរដ្ឋ ១៧៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបន្ទាយមាស ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៧៩គ្រួសារ ក្នុងស្រុកបន្ទាយមាស ដែលពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយមាស ស្ថិតក្នុងភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ និងបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទាំងអស់ដោយក្តីនឹករឭកបំផុត។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានបន្តថា កាកបាទក្រហម ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ  ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ តិចអំបិល តិចស្ករ តិចខ្លាញ់ និងហាត់ប្រាណជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លង ដែលកំពុងរីករាលដាលក្នុងពេលនេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ជាមួយគ្នានេះដែរ បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងកុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ ត្រូវដេកក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដាំដើមឈើដើម្បីការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីកផងដែរ។

អំណោយដែលបានផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទាំង ១៧៩គ្រួសារ រួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១៧៦គ្រួសារ ក្ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង  ទឹកត្រី ១យួរ មី ១កេស   និងថវិកា៥ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ  កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀលផងដែរ។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២០កំប៉ុង មី ២កេស ទឹកសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត