ពលរដ្ឋជាង ៥ពាន់គ្រួសារក្នុងស្រុកទឹកឈូទទួលបានបណ្ណកម្មសិទ្ធិដីពន្ធសូន្យពីរាជរដ្ឋាភិបាល

ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យពលរដ្ឋបានប្រើប្រាស់ដីធ្លីស្របច្បាប់ ប្រមុខដឹកនាំប្រទេសបានដាក់ចេញនូវគោលនយោបាយដីធ្លី ក៏ដូចជាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់បំផុត។ អភិបាលខេត្តកំពត ក៏បានជំរុញឱ្យពលរដ្ឋ អាជ្ញាធរដែនដី និងមន្ទីរជំនាញរួមសហការគ្នាបំពេញការងារវាស់វែង និងចេញបណ្ណនេះឱ្យបានឆាប់បំផុត។
——————————————–
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិក្នុងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីប្រមាណជាង ៩ពាន់ក្បាលដី ស្មើនឹងជាង ៥ពាន់គ្រួសារ។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ក្រោយពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ហើយប្រទេសកម្ពុជាទទួលបានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានគិតគូរនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំចេញបណ្ណកម្មសិទ្ទិដីធ្លីជូនពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីឱ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធរួមគ្នាអនុវត្ត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យកើតមានវិវាទដីធ្លីជាមួយគ្នា ព្រោះមុនពេលចេញបណ្ណនេះគឺយើងបានយល់ព្រម និងឯកភាពគ្នារួចហើយរវាងព្រំដីដែលជាប់គ្នាទាំងអស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករដែលវិលមកពីប្រទេសថៃ ហើយមានជំនាញការងារ សូមយកចំណេះដឹងទាំងនោះមកអនុវត្តន៍ និងធ្វើការងារក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ហើយរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ការងារជូនរាប់ម៉ឺនកន្លែងផងដែរ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៥ភូមិ រួមមានភូមិកំពង់សំរោងខាងត្បូង, ភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង, ភូមិវត្តអង្គ, ភូមិបឹងតារោង និងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ៩ ៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨ ៩៩៩បណ្ណ ស្មើនឹង ៥ ៣៧៤គ្រួសារ។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់ការងារចុះវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតទាំងមូលនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនិងបន្តធ្វើជាបន្តបន្ទាប់ទៀត៕