ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីបង្កើនសុក្រឹត្យភាព, ប្រសិទ្ធភាព, តម្លាភាព, និងមាននិរន្តរភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមករា គ.ស.២០២៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងនិយ័តករសន្តិសុខសង្គម បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្រាប់អនុវត្តប្រព័ន្ធបញ្ជាក់ចំណាយ ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា” ក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការក្នុងការ ដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយថ្មីសម្រាប់ប្រព័ន្ធគាំពារសង្គមកម្ពុជា ព្រមទាំង ចែករំលែកនូវទិដ្ឋភាពបច្ចេកទេសដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភាគីផ្តល់សេវា ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការចូលរួមអនុវត្តការបញ្ជាក់ចំណាយតាមប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលដែលនឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ សិក្ខាសាលនេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៉ែន សុបភារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មាធិកាប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
លោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ការផ្ទេរសមត្ថកិច្ចនៃការបញ្ជាក់ចំណាយពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាមួយនឹងការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះ គឺជាវឌ្ឍនភាពដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំ កែទម្រង់អភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានាបាននូវប្រតិតុល្យការរវាងមុខងារអ្នកទូទាត់សេវា អ្នកផ្តល់សេវា និងអ្ន កបញ្ជាក់ចំណាយ ឱ្យមានឯករាជ្យភាពពីគ្នា ដែលរួមចំណែកក្នុងការធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ភាពត្រឹមត្រូវនៃការទូទាត់ថ្លៃសេវាជូនមូលដ្ឋានសុខាភិបាល ដែលបានផ្តល់សេវាក្រោមប្រព័ន្ធគាំពារសង្គម។
លោជំទាវរដ្ឋលេខាធិការ ក៏បានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាល អភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាបន្តបន្ទាប់មក កំណើនរបស់ពលរដ្ឋបានប្រើប្រាស់ បណ្ណ ប.ស.ស. បណ្ណសមធម៌ និងបណ្ណផ្សេងៗមួយចំនួនទៀតដើម្បីមកទទួលការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល មានការកើនឡើងគួរឱ្យកត់សម្គាល់។ ផ្អែកលើទិន្នន័យបច្ចុប្បន្ន ការប្រើប្រាស់សេវាក្រោមមូលនិធិសមធម៌មានចំនួនប្រមាណជាង ៤,៧ លានករណី, ខណៈការប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលឯកជនក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ បានកើនឡើងយ៉ាងខ្លាំង ដល់ចំនួនយ៉ាងហោចណាស់ជាង ៧ លានករណី ក្នុងឆ្នាំ២០២៤ ដែលចំនួននេះមិនទាន់បានរាប់បញ្ចូលករណីប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈនៅឡើយទេ។ ស្របជាមួយគ្នាដែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ជាមួយ នឹងការ កំណត់ទិសដៅឱ្យប្រព័ន្ធគាំពារសុខភាពសង្គមពង្រីកវិសាលភាពគ្របដណ្តប់ជាបណ្តើរៗរហូតដល់ ៨០% នៃពលរដ្ឋសរុប នៅឆ្នាំ២០៣៥ ដែលការណ៍នេះនឹងនាំឱ្យមានការកើនឡើងជាបន្តបន្ទាប់នូវការប្រើប្រាស់សេវាសុខាភិបាលជាហូរហែផងដែរ។ ករណីនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា យន្តការបញ្ជាក់ចំណាយ បច្ចុប្បន្នដែលប្រើប្រាស់កម្លាំងមនុស្សសុទ្ធ នឹងមិនអាចធ្វើឱ្យមុខងារបញ្ជាក់ចំណាយប្រព្រឹត្តទៅបានប្រកបដោយសុក្រឹត្យភាព, ប្រសិទ្ធភាព, តម្លាភាព, និងមាននិរន្តរភាពនោះឡើយ ដែលទាមទារនូវការកែទម្រង់ជាចាំបាច់។
លោកជំទាវរដ្ឋលេខាធិការ ស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ផ្តល់កិច្ចសហការជិតស្និតជាមួយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីជំរុញការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះធ្វើទៅបានដោយជោគជ័យ និងរលូន នៅត្រីមាសទី៤ ឆ្នាំ២០២៥ នេះ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។