ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា៖ អង្គការវិជ្ជាជីវៈទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់កម្លាំង ពលកម្មកុមារ ដើម្បីលុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងររបស់កុមារនៅកម្ពុជា

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ លើកទី៧៦ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារ គ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ឯកឧត្តម មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំកម្មវីធីសំណេះសំណាល ពិសាអាហារសាមគ្គី និងចែកអំណោយជូនកុមារា កុមារីដែលជាបុត្រា បុត្រីរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងសហជីពមូលដ្ឋានមួយចំនួនក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា។

បន្ទាប់ពីឯកឧត្តម ឡុង សុផាត អនុប្រធានទី១នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអាននូវសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រមម្ពុជា និងប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ រួចមក ឯកឧត្តម មុំ សៀក បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមាកម្ពុជាឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) យើង នាពេលនេះ គឺក្រោមប្រធានបទ « សហជីពចូលរួមលើកកម្ពស់សិទ្ធិកុមារជាសកល ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា»។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា តែងតែប្រារព្ធធ្វើជា រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំង សិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើងដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ ផែនការអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមប្រធាន បានមានប្រសាសន៍បន្តថា ក្នុងនាមថ្នាក់ដឹកនាំសហជីព តំណាងឱ្យកម្មករនិយោជិតទូទាំងប្រទេស ត្រូវតែបង្កើនការយកចិត្តទុកខ្ពស់ចំពោះ ការលើកកម្ពស់សិទ្ធិកុមារ និងចូលរួមលុបបំបាត់គ្រប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានសហជីពមូលដ្ឋាននៅទីនោះ ដោយចូលរួមសហការល្អ ជាមួយភាគីនិយោជក មន្ត្រីមានសមត្ថកិច្ចលើកិច្ចការកុមារ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីលុបបំបាត់ ការកេងប្រវញ្ចពលកម្មកុមារ ការងារដោយបង្ខំ ការងារពេលយប់ ធ្វើការលើសម៉ោងកំណត់ ធ្វើការងារធ្ងន់ៗ ការប្រើប្រាស់ទាសភាពបំណុល(ដោះបំណុល) គ្រប់រូបភាព មកលើកុមារក្រោមអាយុ១៨ឆ្នាំ។ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដែលបានឧបត្ថម្ភ និងគាំទ្រយ៉ាងសកម្មចំពោះ កម្មវិធីនេះ ដោយផ្តល់នូវការផ្ដោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។

នេះសបញ្ជាក់ឲ្យឃើញថា សហជីពជាធាតុសំខាន់មួយក្នុងការជម្រុញសិទ្ធិកុមារ និងការពារពួកគេពី ការធ្វើការដែលមិនសមរម្យ។ នៅកម្ពុជា សហជីពជាច្រើនបានសហការជាមួយក្រសួងពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃពលកម្មកុមារ ហើយធ្វើសកម្មភាពដើម្បីបញ្ឈប់ទម្រង់ធ្ងន់ធ្ងរនៃការធ្វើការរបស់កុមារនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធាន បានអំពាវនាវដល់អង្គការវិជ្ជាជីវៈទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារនៅតាមបណ្តារោចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ពិសេសត្រូវចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ ឯកឧត្តម ប្រធាន និងឯកឧត្តម អនុប្រធានសមាជិកគណៈអចិន្ត្រៃយ៍ទាំងអស់ ក៏បានផ្តល់វត្ថុអនុស្សាវរីយ៍ដល់កុមារា កុមារី ទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនេះនូវកញ្ចប់កាដូមួយ ក្នុងនោះមានជាសម្ភារៈសិក្សា និងថវិកាចំនួន២០០០០រៀលផងដែរ៕