ឆ្នេរប៉ាស៊ីហ្វិកដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកសិកកំពុងរៀបចំត្រៀមខ្លួនបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរពីការប៉ះពាល់ខ្យល់ព្យុះដែលមានឈ្មោះថា Erick នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាមានកម្លាំងខ្យល់ខ្លាំងចែកចេញជា ៣ កម្រិតហើយអាចនឹងបណ្តាលឱ្យមានខ្យល់កន្រ្ទាក់ ទឹកជំនន់ និងរលកខ្លាំងនៅតំបន់ទាំងនោះដែរ នេះបើតាមការព្យាករណ៍របស់អ្នកព្យាករណ៍អាកាសធាតុ។
ព្យុះ Erick បានកើនកម្លាំងពីកម្រិត ១ ទៅកម្រិត ៣ យ៉ាងឆាប់រហ័សនិងមានល្បឿនខ្យល់ចន្លោះពី១២៥ ម៉ាយ (២០០ គីឡូម៉ែត្រក្នុងមួយម៉ោង)នៅពេលថ្ងៃលិច ខណៈវាកំពុងបង្វិលនៅជុំវិញសមុទ្រប្រហែលជា៨៥ គីឡូម៉ែត្រ ភាគខាងត្បូងខាងលិចនៃទីក្រុង Puerto Angel នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុសហរដ្ឋអាមេរិក ដែលមានទីតាំងនៅ Miami។
គួរបញ្ជាក់ថាព្យុះErickស្ថិតនៅប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃ Punta Maldonado ហើយកំពុងផ្លាស់ទីទៅភាគពាយ័ព្យជាល្បឿន ៩ ម៉ាយក្នុងមួយម៉ោង ឬ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើតាមសេចក្ដីជូនដំណឹងចុងក្រោយនៅព្រឹកថ្ងៃព្រហស្បតិ៍ ។
ប្រជាជននៅតំបន់ Acapulco បាននិយាយថា៖ ពួកគេកំពុងរៀបចំត្រៀមខ្លួនទទួលព្យុះ Erick ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយភ័យខ្លាចដោយសារតែពួកគេនៅមិនទាន់ភ្លេចពីការខូចខាតធ្ងន់ធ្ងរដែលបានកើតឡើងដោយព្យុះ Otis កាល២ពីរឆ្នាំមុន។
អភិបាលរដ្ឋ Guerrero អ្នកស្រី Evelyn Salgado បានបញ្ជាក់តាមគេហទំព័រ X ថា សកម្មភាពទាំងអស់នៅ Acapulco និងតំបន់ឆ្នេរផ្សេងទៀតត្រូវបានផ្អាកចាប់ពីម៉ោង ៨ យប់នេះតទៅហើយសាលាទាំងអស់នៅក្នុងរដ្ឋនឹងបិទបន្តទៀតនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
សម្រួលអត្ថបទ៖ ឡុង បញ្ញា