ប្រទេសចិននឹងស្វាគមន៍គ្រប់បណ្តាប្រទេសទាំងអស់ដែលចង់មកវិនិយោគនៅចិន! ដោយខ្លួនមានទំនុកចិត្តនិងសមត្ថភាពរក្សាកំណើនសេដ្ឋកិច្ចសកលឲ្យបានល្អ បើទោះបីជាមានសម្ពាធពីប្រទេសខាងក្រៅក្តី

ប្រទេសចិន កំពុងខិតខំបន្តអភិវឌ្ឍខ្លួនឯងទៅជាមហាអំណាចដោយប្រើប្រាស់ទំហំធំមួយនៅលើមូលដ្ឋានដ៏រឹងមាំនៃរោងចក្រថាមពលផលិតកម្ម ហើយមានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីជួយដោះស្រាយការលំបាក និងបញ្ហាប្រឈមដែលកំពុងមានចំពោះសេដ្ឋកិច្ចពិភពលោក នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ត្រីចិនលោក Li Qiang ។ ថ្លែងចេញពីទីក្រុង Tianjin ភាគខាងជើងប្រទេសចិនលោក Li បានបញ្ជាក់ថាធុរកិច្ចមកពីគ្រប់ប្រទេសនឹងត្រូវស្វាគមន៍មកបណ្តាក់ទុនក្នុងប្រទេសចិន ខណៈដែលពិភពលោកកំពុងជួបប្រទះការធ្លាក់ចុះនៃការវិនិយោគឆ្លងព្រំដែន និងហានិភ័យកើនឡើងនៃខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ដែលកំពុងបែកបាក់គ្នា។ រដ្ឋាភិបាលចិននឹងបន្តជំរុញបរិយាកាសធុរកិច្ចលំដាប់ទីមួយដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងអន្តរជាតិ ហើយតែងតែរក្សាទ្វារបើកចំហដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះអាជីវកម្មពីគ្រប់ប្រទេសរបស់ពួកគេ។ នាយករដ្ឋមន្ត្រីចិនបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការចែករំលែកនូវបច្ចេកវិទ្យាដើម និងសេណារីយ៉ូប្រកបដោយភាពច្នៃប្រឌិតជាមួយពិភពលោក ដោយបន្ថែមថា ប្រទេសចិននឹងបន្តធ្វើឱ្យស៊ីជម្រៅសមាហរណកម្ម និងការតភ្ជាប់ជាមួយទីផ្សារពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយប្រទេសផ្សេងៗ។ លោកបានបន្ថែមថា របកគំហើញប្រកបដោយនិរន្តរភាព និងភាពជឿនលឿននៃការបង្កើតថ្មីរបស់ចិននឹងបញ្ចូលភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍន៍ពិភពលោក ដោយជួយយកឈ្នះលើកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។ លោក Li ក៏បាននិយាយផងដែរថា ប្រទេសចិនកំពុងឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ទាំងមូល ខណៈដែលតម្រូវការសម្រាប់ការកើនឡើងនៃការប្រើប្រាស់មានភាពរឹងមាំនៅក្នុងទីផ្សារប្រើប្រាស់ដ៏ធំទីពីររបស់ពិភពលោក។ នាយករដ្ឋមន្ត្រីចិនបានសម្តែងនូវទំនុកចិត្តចំពោះការអភិវឌ្ឍន៍របស់ចិន។ ប្រទេសចិនមានទំនុកចិត្តនិងសមត្ថភាពក្នុងការរក្សាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ប៉ុន្មានឆ្នាំមកនេះ មិនថាបរិយាកាសអន្តរជាតិបានផ្លាស់ប្តូរយ៉ាងណានោះទេ សេដ្ឋកិច្ចរបស់ប្រទេសចិនបានរក្សាបាននូវសន្ទុះដ៏ល្អជាបន្តបន្ទាប់។ ដោយការកត់សម្គាល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៥.៤ %នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៥ បើទោះបីជាប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅក្តី “សូចនាករសេដ្ឋកិច្ចសំខាន់ៗបានបន្តប្រសើរឡើងនៅក្នុងត្រីមាសទី២ ហើយថ្មីៗនេះស្ថាប័នអន្តរជាតិបានបង្កើនការរំពឹងទុករបស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ៕

សម្រួលអត្ថបទ៖ Borinika Sopharin Em