ប្រតិភូប្រទេសអូស្រ្តាលី ស្វែងយល់បន្ថែមអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ ពីរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន

នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមួយចំនួនផងដែរ។
ជំនួបនារសៀលនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូមតិយោបល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទេសអូស្រ្តាលី ព្រមទាំងស្វែងយល់បន្ថែមអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣៕