ប្រតិភូជាន់ខ្ពស់ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅលើទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បេះដូងនៃអរិយធម៌ខ្មែរ
នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន តំណាងគណបក្យប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំប្រតិភូជាន់ខ្ពស់ ប្រមាណ ៩៩រូប មកពី ២៤ គណបក្ស ២២ ប្រទេស ក្នុងទ្វីបទាំង៥ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI អញ្ជើញធ្វើទស្សនកិច្ច នៅលើទឹកដីបេតិកភណ្ឌប្រវត្តិសាស្រ្តអង្គរ បេះដូងនៃអរិយធម៌ខ្មែរបុរាណ ដូចជាប្រាង្គប្រាសាទបុរាណ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណអរិយធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។សូមជម្រាបថា៖ ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ជាប្រាសាទដែលនៅគង់វង្សល្អបំផុតតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម និងប្រាសាទនេះ ស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ។ការប្រពឹត្តនូវកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប បានផ្តល់ឱកាសដ៏មានតម្លៃ នូវការផ្សព្វផ្សាយពីភាពលេចធ្លោរដ៏សម្បូរបែប ទាំងអរិយធម៌បុរាណ កេរ្តិ៍ដំណែលបេតិកភណ្ឌប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ នៃវប្បធម៌ ប្រពៃណីចម្រុះ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជាការលើកកម្ពស់ការយល់ដឹង និងការអត់ឱនជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសហត្ថិភាពដោយសន្តិភាព និងសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាព។សូមបញ្ជាក់ជូនថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ត្រូវបានបញ្ចប់ គណៈប្រតិភូពាក់ព័ន្ធនឹងអញ្ជើញបន្តចូលរួមកិច្ចប្រជុំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុី ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕