ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងរស់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានសេចក្ដីសប្បាយរីករាយដែលអាជា្ញធរខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសណ្តាប់ធ្នាប់ និងវាយកម្ទេចសំណង់រំលោភលើផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក

ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងរស់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសេចក្តីសប្បាយរីករាយជាទីបំផុត ដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីជំនាញ បានចុះធ្វើសណ្តាប់ធ្នាប់ និងវាយកម្ទេចសំណង់រំលោភលើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ក៏ដូចជា សម្រួលដល់ជីវភាពនៃការរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា ផ្លូវនេះមានទីតាំងស្ថិតនៅខាងក្រោយរបងរោងចក្រ ហារតា ផាកខេង អ៊ិនដាសស្ទើ (ខេមបូឌា)លីមីតធីត ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទទឹង ៨ម៉ែត្រ។ ប៉ុន្ត នៅក្នុងអំឡុងឆ្នាំ ២០២០ មានប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងផ្លូវ បានសាងសង់សំណង់រឹងមាំរំលោភលើ ផ្លូវអស់ប្រហែល ០៣ម៉ែត្រ ហើយក្រៅពីសំណង់រំលោភផ្លូវ ក៏មានការប្រើប្រាស់ដងផ្លូវយ៉ាងអនាធិបតេយ្យ ដោយ អ្នកខ្លះបានដាក់ធុងសម្រាម គ្រែរនាប សម្ភារៈចាស់ៗ រទេះលក់ដូរ ចតរ៉ឺម៉ក ចតយានយន្ត តាំងសម្ភារៈលក់ដូរ និងសង់រោងលក់ដូរពេញដងផ្លូវ ដែលបណ្តាលឲ្យផ្លូវបាត់បង់សណ្តាប់ធ្នាប់ អនាម័យ និងបានធ្វើឲ្យផ្លូវមាន សភាពរួមតូចចង្អៀតខ្លាំង ស្ទើរតែគ្មានចន្លោះផ្លូវសម្រាប់ធ្វើដំណើរ។

ការចុះវាយកម្ទេចសំណង់រឹងមាំរំលោភលើផ្លូវនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះការវាយកម្ទេចសម្រេចបានស្ទើរតែទាំងស្រុងហើយ។

ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរគមន៍សម្របសម្រួលក្នុងន័យ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យប្រកបដោយ ភាពជាអ្នកដឹកនាំ ប្រសិទ្ធភាព និងទាន់ពេលវេលា។ សូមថ្លែងអំណរគុណដល់លោកអភិបាល អភិបាលរង នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ និងមន្ត្រីជំនាញទាំងអស់ ដែលបានចុះជាប់ក្នុងការអនុវត្តរៀបចំសណ្តាប់ធ្នាប់ និងវាយកម្ទេច សំណង់ខុសច្បាប់ប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត។

ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់សង្ឃឹមថា ទៅថ្ងៃមុខនឹងលែងមានជនឆ្លៀតឳកាសកេង ចំណេញយកផ្លូវសាធារណៈសាងសង់សំណង់រឹងមាំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត ទាំងក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ឬនៅតាមមូលដ្ឋានផ្សេងទៀតទូទាំងប្រទេស ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។