ប្រជាជនប៉ាឡេស្ទីនបន្តរង់ចាំយោធាអ៊ីស្រាអែលបើកផ្លូវឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ខណៈអ៊ីស្រាអែលប្រកាសផ្អាកសិនដោយសារក្រុមហាម៉ាសមិនទាន់ដោះលែងចំណាប់ខ្មាំងជនស៊ីវិលជាស្រ្តីអ៊ីស្រាអែលម្នាក់

គ្រួសារប៉ាឡេស្ទីនរាប់រយគ្រួសារបានប្រមូលផ្តុំគ្នានៅឯជ្រុងម្ខាងនៃភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃអាទិត្យនេះ ដោយអ្នកខ្លះបានរង់ចាំកម្លាំងយោធាអ៊ីស្រាអែលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះរបស់ពួកគេវិញដែលស្ថិតនៅចំងាយជាងពាក់កណ្តាលភាគខាងជើងនៃតំបន់ឆ្នេរដែរ។ យោងតាមកិច្ចព្រមព្រៀងបទឈប់បាញ់ យោធាអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ត្រឡប់ទៅភាគខាងជើងតំបន់ហ្គាហ្សាវិញ តាមរយៈច្រករបៀង Netzarim ដែលលាតសន្ធឹងលើទឹកដីនេះ ដោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញ។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការដកថយនេះត្រូវផ្អាកដំណើរការសិន ដោយសារតែមានការពន្យារពេលក្នុងការដោះលែងស្ត្រីជាជនស៊ីវិលអ៊ីស្រាអែលម្នាក់ពីការជាប់ឃុំឃាំងនៅតំបន់ហ្គាហ្សា។ អ្នកសម្របសម្រួលកំពុងព្យាយាមដោះស្រាយបញ្ហាជម្លោះនេះដែរ។ ទន្ទឹមនឹងនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើថា ប្រជាជនភាគច្រើននៃតំបន់ Gaza យ៉ាងហោចណាស់គួរតែត្រូវបានតាំងទីលំនៅថ្មីជាបណ្តោះអាសន្ននៅកន្លែងផ្សេងទៀត រួមទាំងនៅក្នុងប្រទេសអេហ្ស៊ីប និងហ្ស៊កដានីដែរ ដើម្បី “ការប្រមែប្រមូលទ្រង់ទ្រាយធំ” ជុំវិញហេតុការណ៍បំផ្លិចបំផ្លាញដោយសារសង្រ្គាមនោះ។ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីនខ្លួនឯងធ្លាប់បានច្រានចោលសេណារីយ៉ូបែបនេះរួចហើយ ដោយសារពួកគេបារម្ភថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនវិលត្រឡប់មកវិញណោះទេ។ លោក Bassem Naim ជាមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បាននិយាយថា ប៉ាឡេស្ទីននឹងមិនទទួលយកសំណើបែបនេះទេ “បើទោះបីមើលទៅហាក់ជាមានចេតនាល្អក្តី ក្រោមរូបភាពនៃការកសាងឡើងវិញក៏ដោយ”។ លោកបាននិយាយថា ប៉ាឡេស្ទីនអាចសាងសង់ Gaza ឡើងវិញបាន “ប្រសើរជាងមុន” ប្រសិនបើអ៊ីស្រាអែលដកការបំរាមបិទផ្លូវ។ ចំណែកលោក Abdel Fattah Al-Wosari បាននិយាយថា “យើងត្រូវតែត្រលប់ទៅភាគខាងជើងវិញ ទោះបីជាផ្ទះរបស់យើងត្រូវបានបំផ្លាញខ្ទេចខ្ទី ឬមិនត្រូវបានបំផ្លាញក៏ដោយ។ ទោះបីជាវាត្រូវបានបំផ្លាញគ្មានសល់ ក៏យើងនឹងរើតង់ទៅនៅទីនេះវិញដែរ ហើយដំឡើងវានៅលើសំណល់ផ្ទះរបស់ពួកយើង សុំឲ្យតែយោធាអ៊ីស្រាអែលឲ្យពួកយើងបានឆ្លងកាត់ជាការស្រេច៕
សម្រួលអត្ថបទ៖ សុផារិន្ទ